ភ្នំពេញៈ ខណៈប្រជាប្រិយភាពខ្លួនកំពុងតែឆក់យកចិត្តមហាជនគាំទ្រដោយទឹកដមសំនៀងរបស់កញ្ញា អ៊ីវ៉ា តារាចម្រៀងរះនៅកំពូលក្នុងទ្រនំសាន់ដេ និងល្បីខ្លាំងជាទេពធីតាសម្ផស្សមានមន្តស្នេហ៍ អន្ទងស្នេហ៍បុរសៗឲ្យលង់ស្នេហ៍ច្រើននាក់ ហើយថ្មីៗនៅលេចឮព័ត៌មានថា នាងមានឧកញ៉ាច្រើននាក់តាមដាក់ពាក្យសុំស្នេហ៍ និងប្រកាសទ្រព្យធនដើម្បីត្រៀមជំនួនជូននាងទៀតផងបើត្រូវចិត្ត។
ដោយឡែកដំណឹងនេះគឺផ្ទុយស្រឡះតែម្តង ខណៈសូម្បីតែនាងខ្លួនឯងផ្ទាល់ កញ្ញា អ៊ីវ៉ា មានកំណើតពីទឹកដីខេត្តកំពង់ស្ពឺ ជាតារាចម្រៀងសម្លេងស្រទន់ប្រចាំផលិតកម្មសាន់ដេ ក៏ភ្ញាក់ផ្អើលនឹងព័ត៌មាននេះទៀតផងដោយថ្មីៗនេះក៏ស្រាប់តែមានពាក្យរន្ទឺនេះឡើង។ តែយ៉ាងណាតារាចម្រៀងរូបនេះ ក៏ហាក់សម្តែងការភ្ញាក់ផ្អើលនិងព័ត៌មាន បង្ហាញពីខ្លួនមានមន្តស្នេហ៍នោះ ខណៈនាងក៏បានបង្ហោះបង្ហើរសារជាសាធារណៈក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមហាជនគិតថា ទំនងជានាងធុញទ្រាន់នឹងស្នេហាតាមរញ៉េរញ៉ៃនោះហើយបានជានាងពោលបែបនោះ។ កញ្ញា អ៊ីវ៉ាសរសេរក្នុងហ្វេសប៊ុករបស់នាងថា៖ «ដឹងស្អីទេលោកអើយ!លោកហើយ!ក៏សំបូរឧកញ៉ាមកពីណាច្រើនម្ល៉េះបើរាល់ថ្ងៃរកតែអ្នកធំមួយមកធ្វើជាគូស្នេហ៍មិនបានផង»។
តារាចម្រៀងស្រីសាច់សខ្ចីញេញ អ៊ីវ៉ា បន្តថា៖ «បើឲ្យខ្ញុំមិននឿយណាយនឹងព័ត៌មាននេះម៉េច បើពេលនេះ រកតែស្នេហាជាមួយអ្នកធម្មតា គ្មានផង បែរជាល្បីតែនឹងរឿងឧកញ៉ាតាមស្នេហ៍ទៅវិញ។ មិនគិតថាយ៉ាងណាទេ នៅពេលនេះខ្ញុំមិនទាន់ចង់គិតរឿងដូចអ្វីដែលល្បីកន្លងមកទេ»៕