មហាសេដ្ឋី Elon Musk កំពុងពិចារណារកវិធីដើម្បីទិញបណ្ដាញសង្គម Twitter ក្នុងតម្លៃទាបជាង ៤៤ ពាន់លានដុល្លារអាម៉េរិក។
យោងតាមសារព័ត៌មាន New York Times នៅក្នុងសិក្ខាសាលា All-In Summit កាលពីម្សិលមិញ លោក Elon Musk ត្រូវបានសួរអំពីលទ្ធភាពនៃការចរចាលើការទិញដូរបណ្ដាញសង្គម Twitter។ មហាសេដ្ឋីរូបនេះឆ្លើយថា ការទិញ Twitter ក្នុងតម្លៃទាបជាង ៤៤ ពាន់លានដុល្លារគឺជារឿងដែល «មិនទាន់អាចរំលងចោលបានឡើយ»។
មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង រូបនេះ និងបណ្ដាញសង្គម Twitter មិនទាន់មានប្រតិកម្មអ្វីទៅនឹងការចុះផ្សាយព័ត៌មានខាងលើរបស់ New York Time នៅឡើយ។
ក្រុមអ្នកវិភាគយល់ថា លោក Musk ទំនងជាកំពុងតែរកវិធីដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង ឬលើកឡើងនូវតម្លៃទាបជាងបច្ចុប្បន្ន ពិសេសគឺនៅពេលតម្លៃភាគហ៊ុនដែលទាក់ទងបានធ្លាក់ចុះទាបចាប់តាំងពីករណីទិញដូរនេះត្រូវបានប្រកាសជាសាធារណៈ។
កាលពីថ្ងៃទី ២៥ មេសា Twitter ប្រកាសថា បានយល់ព្រមតាមសំណើសុំទិញបណ្ដាញសង្គមនេះរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្នុងតម្លៃ ៥៤.២០ ដុល្លារ/ហ៊ុន ដូច្នេះ Twitter មានតម្លៃ ៤៤ ពាន់លានដុល្លារអាម៉េរិក។