កាលពីប៉ុន្មានខែមុននេះ Forrest Li ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Sea មានទ្រព្យប្រមាណ ២២ ពាន់លានដុល្លារអាម៉េរិក និងជាអ្នកមានជាងគេបង្អស់ប្រចាំប្រទេសសិង្ហបុរី ក៏ប៉ុន្តែបច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់បុរសនេះនៅសល់តែ ៥ ពាន់លានដុល្លារប៉ុណ្ណោះ។
Forrest Li គឺជាអ្នកមានមួយរូបក្នុងចំណោមអ្នកដែលបានបាត់បង់ទ្រព្យច្រើនជាងគេនៅក្នុង «រលកនៃការលក់ភាគហ៊ុនចោល» នាពេលថ្មីៗនេះ បណ្ដាលឱ្យអ្នកមានជាងគេទាំង ៥០០ នាក់របស់ពិភពលោក បាត់បង់ទ្រព្យសម្បត្តិអស់ជាង ១ ទ្រីលាន (១ លានលាន/១,០០០,០០០,០០០,០០០) ដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ។
លោក Forrest Li ឆ្នាំនេះបានជួបរឿងមិនល្អជាច្រើន ក្នុងនោះមានដូចជា ភាគហ៊ុនត្រូវគេលក់ជាបន្តបន្ទាប់ ផ្នែកពាណិជ្ជកម្មអេឡិត្រូនិកនៅ ឥណ្ឌា ត្រូវបិទទ្វារ និងរបាយការណ៍ស្ដីពីប្រាក់ចំណេញទាប ធ្វើឱ្យតម្លៃភាគហ៊ុននៅ សហរដ្ឋអាម៉េរិក របស់ក្រុមហ៊ុនលោក ធ្លាក់ចុះជាង ៨០% ធៀបនឹងកម្រិតកំពូលកាលពីខែតុលា ២០២១។
បញ្ហាទាំងឡាយខាងលើនេះ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ Forrest Li ថយចុះយ៉ាងគំហុក។ បច្ចុប្បន្ន លោក Forrest Li នៅតែជាមហាសេដ្ឋី ដោយមានទ្រព្យ ៤.៧ ពាន់លានដុល្លារ នេះបើតាម Bloomberg Billionaires Index។ ប៉ុន្តែ តួលេខនេះមិនអាចជួយឱ្យលោករក្សាវត្តមានរបស់ខ្លួននៅក្នុងក្រុមអ្នកមានជាងគេទាំង ៥០០ នាក់ របស់ពិភពលោកទៀតបានឡើយ។
ថ្ងៃនេះ ក្រុមហ៊ុន Sea នឹងប្រកាសរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី។ ក្រុមហ៊ុននេះត្រូវបានគេព្យាករថា នឹងខាតជាង ៧៥០ លានដុល្លារអាម៉េរិក។ ខ្ទង់ប្រាក់ខាតបង់របស់ Sea បានកើនឡើងចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំកន្លង ដោយសារពួកគេបង្កើនល្បឿននៃការពង្រីកពាណិជ្ជកម្ម។
ភាគហ៊ុនរបស់ Sea ពេលនេះកំពុងមានការប្រែប្រួលខ្លាំង។ ក្រោយពីកើន ៣២% ក្នុងការជួញដូររយៈពេល ២ ថ្ងៃនៅចុងសប្ដាហ៍កន្លង តម្លៃរបស់វាបែរជាធ្លាក់ចុះ ៦.៧% នៅក្នុងថ្ងៃដើមសប្ដាហ៍នេះ។ Gang Ye ដែលជាសហស្ថាបនិកម្នាក់របស់ Sea ក៏បានបាត់បង់ទ្រព្យអស់ ៤.៣ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំនេះ។ ចំណែក សហស្ថាបនិក David Chen ក៏បានធ្លាក់ពីចំណាត់ថ្នាក់មហាសេដ្ឋី ចុះមកនៅជាសេដ្ឋីវិញម្ដង៕