(ភ្នំពេញ)-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រហូតដល់ដូសទី ១០ ក៏ដោយ ក៏រដ្ឋាភិបាលនៅតែមិនយកប្រាក់ពីប្រជាពលរដ្ឋជាដាច់ខាត។
ប្រសាសន៍របស់ សម្ដេច តេជោ ត្រូវបានលើកឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃទី ១៧ ឧសភានេះ។ ប្រមុខរាជរដ្ឋាភិបាល ថ្លែងថា កម្ពុជា ប្រហែលជាមិនទទួលបានជោគជ័យនោះឡើយ បើសិនជាការអនុវត្តការចាក់វ៉ាក់សាំងទៅតាមប្រទេសមួយចំនួន។
គិតមកដល់បច្ចុប្បន្ន កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ សរុបប្រមាណ ៥២ លានដូសរួចហើយ ក្នុងនោះវ៉ាក់សាំងដែលទិញដោយខ្លួនឯងមានជាង ២៨ លានដូស។ ពេលនេះ កម្ពុជា មានវ៉ាក់សាំងក្នុងដៃប្រមាណ ៩ លានដូសទៀត សម្រាប់បន្តចាក់ជូនពលរដ្ឋ និងកំពុងរង់ចាំវ៉ាក់សាំងដែល កម្ពុជា បានបញ្ជាទិញ ក៏ដូចជាវ៉ាក់សាំងដែលជាជំនួយពីបរទេស។