កាលពីថ្ងៃទី ១៦ ឧសភា មនុស្សរាប់រយនាក់បានឈរតម្រៀបជួរនៅខាងក្រៅស្ថានីយប្រេងសាំងនានានៅ ស្រីលង្កា រង់ចាំពី ៧ ទៅ ៨ ម៉ោង ដើម្បីបានចាក់ឥន្ធនៈ ប៉ុន្តែ ភាគច្រើនបានត្រលប់ទៅផ្ទះដោយ «ដៃទទេ»។
ទីភ្នាក់ងារសារព័ត៌មានរបស់ រុស្ស៊ី Sputnik បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថ្មីរបស់ ប្រទេសស្រីលង្កា គឺលោក Ranil Wickremesinghe បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសនេះអស់សាំងកាលពីថ្ងៃទី ១៦ ឧសភា។
ក៏ប៉ុន្តែ មេដឹកនាំដែលទើបត្រូវបានជ្រើសតាំងកាលពីសប្ដាហ៍កន្លង បានសន្យាថា នឹងបកស្រាយពេញលេញនាពេលខាងមុខ ស្ដីពីវិបត្តិហិរញ្ញវត្ថុដែលកំពុងកើតឡើងនៅ ប្រទេសស្រីលង្កា។
«បច្ចុប្បន្ន សេដ្ឋកិច្ចរបស់ ស្រីលង្កា ពិតជាដុនដាបខ្លាំងណាស់» អ្នកនយោបាយវ័យ ៧៣ ឆ្នាំខាងលើ បានថ្លែងដូច្នេះ។ កាលពីថ្ងៃទី ១៦ ឧសភា អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសនេះ បានចែករំលែកតៗគ្នាអំពីវីដេអូដែលស្ដែងពីទិដ្ឋភាពយានយន្តតម្រៀបជាជួរយ៉ាងវែង និងអស់រយៈពេលយ៉ាងយូរ ដើម្បីរង់ចាំចាក់សាំង នៅតាមទីតាំងស្ថានីយប្រេងសាំងនានារបស់ ស្រីលង្កា។
នាយករដ្ឋមន្ត្រីវិញ ក៏បានប្រកាសថា ប្រទេសនេះកំពុងខ្វះថ្នាំពេទ្យសំខាន់ៗ ១៤ មុខ ហើយថា បញ្ហាអតិផរណាអាចកើនឡើងខ្ពស់ក្នុងរយៈពេលខ្លី។ លោកបានឱ្យដឹងថា បញ្ហាដាច់ភ្លើងប្រចាំថ្ងៃអាចកើនដល់ ១៥ ម៉ោង/ថ្ងៃ។
ស្ថាប័នពាក់ព័ន្ធរបស់ ប្រទេសស្រីលង្កា បានអំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ ហើយមិនចេញមកតម្រៀបជួរចាំចាក់សាំង និងមិនត្រូវទិញសាំងទុកក្នុងរយៈពេល ៣ ថ្ងៃ រហូតដល់ប្រេងសាំងត្រូវបានចែកចាយនៅតាមស្ថានីយប្រេងនានា។
មុននោះ អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានចុះចេញពីតំណែងដោយមានសម្ពាធពីក្រុមបាតុករ។ អំពើហិង្សារវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមបាតុករ បានធ្វើឱ្យមានមនុស្សស្លាប់ ៩ នាក់ និងរបួសជាង ៣០០ នាក់ កាលពីសប្ដាហ៍កន្លង។