សាលាឃុំឈើទាល នៃ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានក្លាយជាទីចាប់អារម្មណ៍របស់ជាជននៅក្នុងតំបន់ ពិសេសគឺអ្នកមានជំនឿ ចាប់ពីថ្ងៃដែលអាជ្ញាធរឃុំឈើទាល បានអូស «សាកសព» ដើមឈើទាលដ៏ធំមួយដើមមកតម្កល់នៅខាងមុខបរិវេណសាលាឃុំ។
ប្រជាពលរដ្ឋជាច្រើនកុះករ នាំគ្នាទៅមើល និងអុជធូបទៀន ថ្វាយផ្កា បួងសួងសុំសេចក្ដីសុខពីខ្លឹមដើមឈើទាលខាងលើ ខណៈដែលអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកទិដ្ឋភាពនៃកន្លែងតម្កល់ «សព» ដើមឈើទាលនេះ។
«ដើមឈើទាលមានអាយុកាលរាប់រយឆ្នាំ កប់ក្នុងទឹកទន្លេបាសាក់រាប់សិបឆ្នាំទៀត សល់តែខ្លឹមសុទ្ធ បើមិនបានទៅមើលមិនអស់ចិត្តទេ» នេះបើតាមគណនី Facebook ឈ្មោះ Phoeng Seang ដែលបានទៅដល់កន្លែងតម្កល់ «សព» ដើមឈើទាលនៅ ឃុំឈើទាល កាលពីម្សិលមិញ។ ម្ចាស់គណនីនេះបន្តថា «ទីតាំង» តម្កល់ដើមឈើទាលនេះ ស្ថិត «នៅសាលាឃុំឈើទាល ស្រុកកៀនស្វាយ» ខេត្តកណ្ដាល។ បុរសនេះថែមទាំងបានបង្ហោះតំណភ្ជាប់ផែនទីនៃទីតាំងរបស់សាលាឃុំឈើទាលផងដែរ។
នៅក្នុងឱកាសនៃថ្ងៃបុណ្យវិសាខបូជា បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នារៀបចំពិធីនៅទីតាំងតម្កល់ដើមឈើទាលនេះ។ អ្នកភូមិក្នុងមូលដ្ឋានបានឱ្យដឹងថា ដើមឈើទាលនេះបានបាត់ខ្លួនអស់រយៈពេលជាយូរមកហើយ ប៉ុន្តែពេលនេះបែរជាផុសឡើងមកវិញ ធ្វើឱ្យមនុស្សម្នាកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អាជ្ញាធរឃុំខាងលើ កាលពីថ្ងៃទី ១៣ ឧសភា បានយកគ្រឿងចក្រទៅអូសទាញដើមឈើទាលមួយដើមដែលនៅសល់តែឃ្លឹមនេះឡើងពីទន្លេ និងបានដាក់តម្កល់នៅសាលាឃុំ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ថា មានមនុស្សច្រើននាក់ប្រុងនឹងអូសដើមឈើទាលនេះយកចេញពីកន្លែងដែលគេប្រទះឃើញដំបូង។