(ភ្នំពេញ)-ផ្ទះល្វែងមួយកន្លែងនៅ បុរី សូនី គឺផ្ទះលេខ៣៣១A ស្ថិតនៅផ្លូវលេខ៨១៥០ny ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនត្រូវខូចខាត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីទៀបភ្លឺ នៃថ្ងៃទី ១៦ ឧសភា ២០២២។
មូលហេតុនៃករណីអគ្គិភ័យនេះ គឺ «បណ្តាលមកពីការដុតទៀនធូប» នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ អគ្គិភ័យនេះមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ប៉ុន្តែ សម្ភារមួយចំនួនក្នុងផ្ទះកើតហេតុបានរងការខូចខាត។
នៅក្នុងការធ្វើអន្តរាគមន៍ កម្លាំងជំនាញបានពន្លត់អគ្គិភ័យទាំងស្រុងនៅវេលាម៉ោង ២ និង ៤០ នាទីទៀបភ្លឺ ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២ រឿង បាញ់ទឹកអស់ ១ ឡាន នេះបើតាមគេហទំព័ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ៕