វារីអគ្គិសនីសេសានក្រោមពីរ ស្ថិតនៅក្នុងខេត្ដស្ទឹងត្រែងដែលអភិវឌ្ឍដោយក្រុមហ៊ុនចំនួនបី នឹងត្រូវបិទទ្វាទឹកជាផ្លូវការដើម្បីដាក់ឱ្យដំណើរការតួប៊ីនទី1 នៅថ្ងៃទី25 ខែកញ្ញា ស្អែកនេះ ក្នុងការបង្កើនថាមពលអគ្គសនីបន្ថែមសម្រាប់បង្គ្រប់កង្វះខាតថាមពលអគ្គិសនីទូទាំងប្រទេស។
ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបញ្ជាក់ថា៖ «វារីអគ្គិសនីសេសានក្រោមពីរ ប្រើទឹក យើងបិទទប់ទឹកឱ្យបង្វិលទៅតួប៊ីនដើម្បីទទួលបានថាមពលអគ្គិសនី ប្រសិនបើយើងមិនបិទទេទឹកវាហូរចោល។ ការបិទទឹកគឺជាកាលបរិច្ឆេទនៃការចាប់ផ្ដើមដំណើរការវារីអគ្គិសនីរបស់យើង ដូច្នេះនៅទន្លេនេះបិទទឹកជាផ្លូវការគឺបិទរហូតហើយ»។
វារីអគ្គិសនីសេសានក្រោមពីរ គម្រោងដ៏ធំជាប្រវត្ដិសាស្ដ្រនៃកម្ពុជានឹងត្រូវបិទទ្វារទឹកជាផ្លូវការនៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2017។ បន្ទាប់តួប៊ីនទី1ដំណើរការនៅចុងឆ្នាំ នឹងអាចទទួលបានថាមពលអគ្គិសនីកម្លាំង 50MW។ រហូតដល់ឆ្នាំ2018 ដំណើរការតួប៊ីនចំនួនបួនអាចទទួលបានថាមពលអគ្គិសនីកម្លាំងរហូតដល់ 400MW។
លោករដ្ឋមន្ត្រី បានបន្ដថា វារីអគ្គិសនីសេសានក្រោមពីរ នឹងជួយចូលរួមចំណែកដល់វិស័យថាមពលអគ្គីសនីនៅកម្ពុជា និងវិស័យពាក់ព័ន្ធទាំងអស់ដែលប្រើប្រាស់ថាមពលអគ្គិសនី លែងឱ្យមានការខ្វះខាតតទៅទៀតហើយ។
វារីអគ្គិសនីសេសានក្រោមពីរ រួមចំណែកជាមួយប្រភពថាមពលដែលមានវារីអគ្គិសនី6 និងរោងចក្រធ្យូងថ្ម នឹងបំពេញបន្ថែមសេចក្ដីត្រូវការថាមពលសម្រាប់បម្រើដល់សេដ្ឋកិច្ច វិស័យសង្គមកិច្ច រួមនឹងវិស័យផ្សេងៗ ។ ពិសេសវាអាចបង្គ្រប់នូវកង្វះខាតថាមពលអគ្គិសនីនូវទូទាំងប្រទេសកម្ពុជា ខណៈកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជាកើនឡើងរង្វង់ 20% ជារៀងរាល់ឆ្នាំ។ វារីអគ្គិសនីសេសានក្រោមពីរ គឺជាគម្រោងអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនកម្ពុជា Royal Group សហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន និងវៀតណាមក្រោមទុនវិនិយោគជាង 800លានដុល្លារ៕