ក្រុមអ្នកស្រាវជ្រាវកំពុងពិនិត្យលទ្ធភាពរចនាម៉ូឌុលនៃរោងចក្រប្រមូលយក និងបញ្ជូនថាមពលព្រះអាទិត្យមកកាន់ផែនដី ដែលរោងចក្រនេះនឹងត្រូវសាកល្បងនៅឆ្នាំ ២០៣៥។
ស្ថាប័នបច្ចេកវិទ្យាជាង ៥០ របស់ អង់គ្លេស រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Airbus, សាកលវិទ្យាល័យ Cambridge និងក្រុមហ៊ុនផលិតផ្កាយរណប SSTL កំពុងចូលរួមក្នុងគម្រោងស្ដីពីថាមពលអវកាសអង់គ្លេស ដែលត្រូវបានផ្ដួចផ្ដើមឡើងកាលពីឆ្នាំកន្លង ដើម្បីស្វែងយល់អំពីលទ្ធភាពនៃការអភិវឌ្ឍរោងចក្រអគ្គិសនីព្រះអាទិត្យនៅទីអវកាស។
យោងតាមគម្រោងខាងលើ ការបញ្ជូនអគ្គិសនីពីអវកាសមកកាន់ផែនដី អាចជួយឱ្យ អង់គ្លេស ឆ្លើយតបនឹងគោលដៅមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ ២០៥០។ សំណើបញ្ឈប់បំភាយឧស្ម័នកាបូនទាំងស្រុងនៅពាក់កណ្ដាលសតវត្សរ៍នេះគឺស្ថិតក្នុងការប្រឹងប្រែងដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។
ក្នុងកិច្ចប្រជុំមួយនៅ អង់គ្លេស កាលពីថ្ងៃទី ២៧ មេសា Martin Soltau ដែលជាប្រធានរបស់គម្រោងផ្ដួចផ្ដើមខាងលើបានបញ្ជាក់ថា បច្ចេកវិទ្យាទាំងឡាយដែលត្រូវការដើម្បីអភិវឌ្ឍរោងចក្រថាមពលព្រះអាទិត្យក្នុងទីអវកាសគឺមានរួចហើយ ឧបសគ្គគឺនៅត្រង់ទំហំរបស់គម្រោង។ ម៉ូឌុលដែលត្រូវបង្កើតឡើងដើម្បីធ្វើការសាកល្បង ក៏មានទំហំធំ ពោលគឺប្រហែលរ៉ាប់គីឡូម៉ែត្រក្រឡា និងត្រូវការបាញ់បង្ហោះ ៣០០ ដង ដោយប្រើប្រាស់រុក្កែត Starship របស់ SpaceX។ រោងចក្រនៅលើមេឃនេះនឹងត្រូវគោចរជុំវិញផែនដីក្នុងរយៈកម្ពស់ ៣៦,០០០ គៅឡូម៉ែត្រ។
ដើម្បីប្រមូលថាមពលពីទីអវកាស ប្រព័ន្ធនឹងត្រូវការអង់តែនខ្នាតយក្សមួយនៅលើផែនដី ហៅថា rectenna។ អង់តែននេះចាប់យករលកវិទ្យុសកម្មពីអវកាស និងបំប្លែងទៅជាអគ្គិសនី។ Soltau ឱ្យដឹងថា rectenna នឹងដូចទៅនឹងសំណាញ់ដ៏ធំមួយដែលមានអង់តែនតូចៗជាច្រើន។ វានឹងមានទំហំពី ៧ ដល់ ១៣ គីឡូម៉ែត្រ៕