លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានថ្លែងអំណរគុណដល់ Diego Costa កាលពីថ្ងៃសុក្រ សម្រាប់ការលះបង់របស់គេនៅឯកីឡដ្ឋាន Stamford Bridge ក្រោយពីក្លិបតោខៀវ បានយល់ព្រមលក់ខ្សែប្រយុទ្ធរូបនេះទៅឲ្យក្លិប Atletico Madrid។
Costa បានរកគ្រាប់បាល់បញ្ចូលទីចំនួន 52គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដើម្បីជួយឲ្យក្រុម Chelsea ឈ្នះពានកំពូលរបស់អង់គ្លេសចំនួន2លើក ក្នុងរយៈពេល 3ឆ្នាំ នៅមុនពេលលោក Conte បានប្រាប់ខ្សែប្រយុទ្ធវ័យ 28ឆ្នាំតាមរយៈការផ្ញើសារកាលពីដើមឆ្នាំនេះថា រូបគេមិនស្ថិតក្នុងគម្រោងរបស់ក្លិបនេះទៀតឡើយ។
Chelsea បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានយល់ព្រមទៅលើលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លិប Atletico របស់ក្របខ័ណ្ឌ La Liga ដើម្បីផ្ទេរ Costa ស្របពេលដែលកាសែតអេស្ប៉ាញ El Mundo បានបញ្ជាក់ថា តម្លៃខ្លួននៃការផ្ទេរនេះ មានចំនួន 55លានអឺរ៉ូ (ស្មើនឹង 65,7លានដុល្លារអាមេរិក)។
នៅពេលដែលត្រូវបានចោទសួរពីទំនាក់ទំនងដែលត្រូវបានប្រេះស្រាំជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក Conte បានជ្រើសរើសយកធ្វើការផ្តោតអារម្មណ៍ទៅលើអនាគតរបស់ក្លិបរបស់លោកវិញ ដោយចាប់ផ្តើមពីការធ្វើដំណើរទៅប្រកួតនៅលើទឹកដីក្រុម Stoke City នៅពីថ្ងៃសៅរ៍នេះ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឲ្យដឹងថា៖ «យើងចង់ថ្លែងអំណរគុណដល់ Costa សម្រាប់អ្វីដែលរូបគេបានធ្វើជាមួយនឹងក្លិបនេះ។ យើងសូមជូនពរឲ្យរូបគេជួបតែសំណាងល្អនៅថ្ងៃអនាគត»។ លោក Conte បានបន្ថែមទៀតថា៖ «រឿងអតីតកាលមិនសំខាន់ឡើយ។ ប្រសិនបើអ្នកធ្វើបានល្អកាលពីអតីត វាមិនអីទេ ប៉ុន្តែ យើងត្រូវតែធ្វើការសម្រាប់បច្ចុប្បន្នភាព និងអនាគត»។
លោក Conte ជឿជាក់ថា ក្រុម Chelsea នឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយនៅកីឡដ្ឋាន bet365 ក្រោយពីក្រុម Stoke របស់លោក Mark Hughes រកបានដល់ទៅ 4ពិន្ទុពីការប្រកួត២លើកជាមួយនឹងក្រុម Arsenal និង Manchester United។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង9យប់៕
ប្រភពពី៖ Reuters