(សៀមរាប)-សមត្ថកិច្ចខេត្តសៀមរាប នាថ្ងៃទី ១១ ខែឧសភានេះ បានបញ្ជូនបុរសម្នាក់ទៅកាន់តុលាការ ដោយជាប់សង្ស័យថា ពាក់ព័ន្ធករណីសម្លាប់ហើយរំលោភ។
ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខ្វាវ លំ ភេទស្រី អាយុ ៦៨ ឆ្នាំ ត្រូវជាជីដូនរបស់សពនារីរងគ្រោះ ដែលមានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ដើមបណ្ដឹងបានឱ្យដឹងថា នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២១ កន្លះ ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ភេទស្រី អាយុ ១៣ ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ទុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។
លោកយាយរបស់ក្មេងស្រីរងគ្រោះរៀបរាប់ថា នៅយប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២១ កន្លះ ចៅស្រីរបស់គាត់បានទៅឆ្លុះរកកង្កែប រហូតដល់ម៉ោង ៣ ទៀបភ្លឺ ទើបគាត់ដឹងថា ចៅស្រីមិនទាន់ត្រលប់មកផ្ទះ ពេលនោះគាត់ក៏ស្រែកហៅឱ្យអ្នកជិតខាងជួយតាមរក។ ដល់ម៉ោង ៥ ភ្លឺ ទើបរកឃើញចៅស្រីរបស់គាត់ ដេកស្លាប់នៅលើវាលស្រែ។
លោកយាយរបស់ក្មេងស្រីរងគ្រោះបញ្ជាក់ថា បុរសឈ្មោះ វឿ គឺជាអ្នកដែលបានប្រាប់ចៅស្រីរបស់គាត់ថា នៅខាងលិចភូមិមានកង្កែបច្រើនណាស់ នេះបើតាមទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះជ្រមុជទឹកឱ្យស្លាប់ មុននឹងយកសាកសពទៅរំលោភ ហើយក៏បោះសាកសពទៅក្នុងទឹក៕