ច្រកអន្តរជាតិជាំសាងាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាប់នឹងស្រុកភូស៊ីង ខេត្តស៊ីសាកេត ត្រូវបាន អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបើកឱ្យដំណើរការឡើងវិញ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្បើយ។
ការបើកច្រកអន្តរជាតិជាំសាងាំ ឡើងវិញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយមានការសម្របសម្រួលពី ភាគីកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និង ភាគីថៃ ដឹកនាំដោយលោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត រួមជាមួយនឹងក្រុមមន្ត្រីពាក់ព័ន្ធរបស់ប្រទេសទាំងពីរ។
នៅមុនការបើកច្រកអន្តរជាតិជាំសាងាំ នេះ កម្ពុជា-ថៃ ក៏បានសម្រេចបើកច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រួចហើយកាលពីព្រឹកថ្ងៃទី ៦ ឧសភា ២០២២ បន្ទាប់ពីមានការពិភាក្សា និងការសម្របសម្រួលដោយជោគជ័យ។