ព័រទុយហ្គាល់ កំពុងត្រៀមសម្រាប់ដំណើរការឧទ្យានអគ្គិសនីព្រះអាទិត្យអណ្ដែតលើទឹករបស់ទំនប់ Alqueva នៅភាគខាងត្បូងប្រទេសនេះ ចាប់ពីខែកក្កដាខាងមុខ។
ឧទ្យានអគ្គិសនីព្រះអាទិត្យធំបំផុតនៅ អឺរ៉ុប នេះ គឺជាផ្នែកមួយក្នុងចំណោមគម្រោងរបស់ ព័រទុយហ្គាល់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល នាំចូលពីបរទេស ដែលបច្ចុប្បន្នកំពុងឡើងថ្លៃខ្ពស់ ចាប់តាំងពី រុស្ស៊ី បានចូលឈ្លានពាន អ៊ុយក្រែន។
ថ្មីៗនេះ កប៉ាល់សណ្ដោងចំនួន ២ គ្រឿង បានអូសប្រព័ន្ធមួយដែលមានផ្ទាំងសូឡាចំនួន ១២,០០០ ផ្ទាំង ទំហំប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ចំនួន ៤ ទៅដល់ទំនប់ Alqueva រួចហើយ។ ប្រព័ន្ធអណ្ដែតលើទឹកនេះត្រូវបានដំឡើងដោយក្រុមហ៊ុនអគ្គិសនី EDP របស់ ព័រទុយហ្គាល់ នៅលើទឹកបឹងជីកធំបំផុតនៅ អឺរ៉ុបខាងលិច និងមានកម្លាំង ៥ មេហ្គាវ៉ាត់។
ព័រទុយហ្គាល់ កំពុងពន្លឿនការងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ នៅពេលរងផលប៉ះពាល់ដោយសារតម្លៃប្រេងឡើងថ្លៃ បើទោះប្រទេសនេះស្ទើរតែមិនប្រើប្រាស់ថាមពល អ៊ីដ្រូកាបូន (hydrocarbon) របស់ រុស្ស៊ី។
ផ្ទាំងសូឡាខាងលើនឹងផលិតអគ្គិសនីបាន ៧.៥ GWh ក្នុង ១ ឆ្នាំ ហើយវានឹងត្រូវបានបន្ថែមថ្ម lithium ដើម្បីអាចរក្សាទុកអគ្គិសនីបាន ២ GWh។ គម្រោងនេះនឹងផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារចំនួន ១,៥០០ គ្រួ ឬស្មើនឹង ៣០% នៃតម្រូវការអគ្គិសនីរបស់ទីរួមស្រុក Moura និង Portel ដែលនៅក្បែរនោះ។
កាលពីឆ្នាំ ២០១៧ EDP ក៏បានដំឡើងរោងចក្រអគ្គិសនីព្រះអាទិត្យអណ្ដែត ដែលមានផ្ទាំងសូឡាចំនួន ៨៤០ ផ្ទាំង នៅលើផ្ទៃទឹករបស់ទំនប់ Alto Rabagao ផងដែរ។ នេះគឺជាគម្រោងអគ្គិសនីព្រះអាទិត្យអណ្ដែតទឹកដំបូងបង្អស់នៅ អឺរ៉ុប។