ភ្នំពេញៈ រយៈពេលបីថ្ងៃនៃការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅដើមសប្តាហ៍នេះ ប្រជាពលរដ្ឋកម្ពុជាបានចំណាយប្រាក់ជាង 52លានដុល្លារ ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្មីៗនេះថា ក្នុងរយៈពេលបីថ្ងៃ នៃការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដើរកម្សាន្តក្នុងពិធីបុណ្យឈប់សម្រាកភ្ជុំបិណ្ឌ មានចំនួនជាង 1លាន 5ម៉ឺននាក់ ដោយពួកគេចំណាយគិតជាមធ្យម 50ដុល្លារក្នុងមនុស្សម្នាក់ ហេតុនេះបើយើងបូកបញ្ចូលគ្នាការចំណាយមានទឹកប្រាក់សរុបចំនួន 52,5លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថាភ្ញៀវទេស ចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាបានកើនឡើងខ្ពស់ ដែលមានចំនួនប្រមាណជិត 1,050,000នាក់ កើនឡើងប្រមាណ 15,70ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន 10,1000,00នាក់ កើនឡើងប្រមាណ15,30ភាគរយ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ 4ម៉ឺននាក់ កើនឡើងប្រមាណ 6,20ភាគរយ។
លោក ធួន ស៊ីណាន ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដើរកម្សាន្តក្នុងឆ្នាំនេះពិតជាកើនឡើងខ្ពស់ ធៀបនឹងឆ្នាំមុន ដោយសារប្រាក់ចំណូលរបស់ពួកគាត់មានការកើនឡើង និងការអភិវឌ្ឍរមណីយដ្ឋានថ្មី ការកសាងហេដ្ឋារចនាសម្ព័ន្ឋកាន់តែមានភាពងាយស្រូលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា ក៏ដូចជា ការផ្សព្វផ្សាយពីរមណីយដ្ឋានទេសចរណ៍នានា តាមបណ្តាញសង្គមមានការកើនឡើង។
លោកបន្តថា “បើនិយាយពីការចំណាយ ខ្ញុំមិនមានការអង្កេតច្បាស់់លាស់នោះទេ ប៉ុន្តែជាក់ស្តែងទំហំនៃការចំណាយក្នុងចំនួននេះអាចទទួលយកបាន ឬអាចមានចំនួនច្រើនជាងនេះផង”៕