ក្រុមហ៊ុន Anglo American កាលពីថ្ងៃទី ៨ ឧសភា បានបង្ហាញរថយន្តដឹកទំនិញដើរដោយថាមពលអ៊ីដ្រូសែនដែលមានទម្ងន់ ២២០ តោន នៅឯអណ្ដូងរ៉ែប្លាទីនមួយនៅភាគខាងជើងនៃ ប្រទេសអាហ្វ្រិកខាងត្បូង។
ត្រូវបានគេឃោសនាថាជារថយន្តដែលនឹងចូលមកជំនួសយានយន្តម៉ាស៊ូតរបស់ Anglo American រថយន្តដឹកទំនិញខ្នាតយក្សនេះមានទំហំប្រហាក់ប្រហែលនឹងផ្ទះមួយខ្នង។ វាប្រើប្រាស់ថ្មអ៊ីដ្រូសែន ២ មេហ្គាវ៉ាត់ និងមានសមត្ថភាពដឹករ៉ែទម្ងន់ ២៩០ តោន ហើយបច្ចុប្បន្ន ត្រូវបានដាក់តាំងបង្ហាញនៅអណ្ដូងរ៉ែ Mogalakwena មានចម្ងាយពីទីក្រុង Johannesburg ប្រហែល ២៥០ គីឡូម៉ែត្រ។
ក្រុមហ៊ុនរុករករ៉ែអន្តរជាតិ Anglo American ដែលមានមូលដ្ឋាននៅ ប្រទេសអង់គ្លេស ឱ្យដឹងថា ពួកគេមានបំណងសម្រេចបានគោលដៅបន្សាបកាបូន នៅឆ្នាំ ២០៤០។
បច្ចេកទេសរបស់ Anglo American គឺប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បីបំបែកទឹកឱ្យទៅជាអាតូមអ៊ីដ្រូសែន និងអុកស៊ីសែន។ អ៊ីដ្រូសែន នៅពេលត្រូវបានដុតឆេះនឹងបញ្ចេញតែចំហាយទឹកប៉ុណ្ណោះ ពោលគឺមិនដូចទៅនឹងប្រេងឥន្ធនៈដែលបានមកពីហ្វូស៊ីល ដែលបញ្ចេញឧស្ម័ន CO២ ធ្វើឱ្យផែនដីឡើងកម្ដៅ។
នាយកប្រតិបត្តិ Duncan Wanblad បានឱ្យដឹងថា ប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ Anglo American នឹងប្រើប្រាស់រថយន្តដើរដោយថាមពលអ៊ីដ្រូសែន ជំនួសបណ្ដារថយន្តដែលដើរដោយម៉ាស៊ីនម៉ាស៊ូត។
កាលពីខែវិច្ឆិកា ២០២១ បណ្ដាប្រទេសអ្នកមាន រួមមាន បារាំង, អាល្លឺម៉ង់, អង់គ្លេស និង សហរដ្ឋអាម៉េរិក បានសន្យាជួយផ្នែកបច្ចេកទេស និងជំនួយជាទឹកប្រាក់យ៉ាងតិច ៨.៥ ពាន់លានដុល្លារ ដើម្បីជួយឱ្យ អាហ្វ្រិកខាងត្បូង ប្ដូរផ្លាស់ទៅរកសេដ្ឋកិច្ចដែលបញ្ចេញកាបូនកម្រិតទាប៕