ការផ្លាស់ប្តូរទម្លាប់ដាំដំណាំ មិនត្រឹមតែជួយឱ្យដីរក្សាគុណភាពបានយូរទេ វាថែមទាំងជួយឱ្យកសិករ ងាយស្រួលរកទីផ្សារលក់កសិកផល ដែលអាចរកចំណូលបានប្រសើរជាងមុន។
តួយ៉ាងអ្នកស្រី វ៉ាន់ សៀប កសិករម្នាក់ក្នុងចំណោមកសិករជាង 200គ្រួសារ ដែលប្រកបរបរធ្វើចំការនៅលើកោះតាង ដែលមានព្រំប្រទល់ជាប់គ្នា 3ឃុំ-សង្កាត់ រួមមានឃុំកោះឧញ៉ាតី និងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នោះបានប្រាប់ឱ្យដឹងថា នៅលើផ្ទៃដីកោះប្រមាណ 300ហិកតា ដើមឡើយ ភាគច្រើនគេដាំល្ហុង និងពោតយកផ្លែ ប៉ុន្តែដោយសារល្ហុងធ្លាក់ថ្លៃខ្លាំងពេក និងគ្មានទីផ្សារផងនោះ កសិករក៏នាំគ្នាកាប់ចោលងាកមកដាំពោតវិញ ហើយដំបូងគឺដាំយកគ្រាប់លក់បានតម្លៃថ្លៃគួរសមដែរ តែដោយសារថ្មីៗនេះ ទីផ្សារស្នៀតពោតទូលំទូលាយ ហើយបានថ្លៃផងនោះ ទើបអ្នកកោះតាងលែងដាំយកគ្រាប់ និងផ្លែ មកដាំយកស្នៀតលក់វិញ។
កសិកររូបនេះក៏បានបន្ថែមដែរថា «ដើមឡើយគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀត ដាំពូជពោតយកគ្រាប់ សម្រាប់ធ្វើចំណីសត្វ ព្រោះបានថ្លៃ ប៉ុន្តែក្រោយមកដោយសារតម្លៃមិនទៀតទាត់ គ្រួសារខ្ញុំក៏ប្តូរមកដាំពោតពូជហាវៃយកផ្លែវិញ»។
លុះក្រោយមកក៏គ្មានទីផ្សារលក់មិនចេញទៀត ទើបកាប់ដើមឱ្យគោស៊ីអស់ទៅ និងបាននាំគ្នាចាប់ផ្តើមដាំពោតយកស្នៀតនេះរហូតមក ព្រោះពោតយកស្នៀតនេះ ដាំតែ 1ខែ 25ថ្ងៃ គឺអាចកាច់ស្នៀតលក់បានហើយ ខុសពីពោតយកផ្លែទាល់តែ 3ខែទើបអាចកាច់បាន។ អ្នកស្រីបានបញ្ជាក់ថា បើដាំពោតយកផ្លែម្តងគឺដាំយកស្នៀតបានដល់ទៅ 2ដង ហើយដាំយកផ្លែពិបាកថែ ណាមួយត្រូវមើលថែដង្កូវ ហើយស្រួលមិនស្រួលឆ្កួត ល្អតែដើមគ្មានផ្លែទៀត ។
ជាងនេះទៅទៀតនៅលើដីកោះ ប្រសិនបើទឹកធំលិចកាច់ផ្លែមិនបានទៀត តែវាអំណោយផលដល់ពោតស្នៀត ទើបបានជាអ្នករស់នៅលើកោះ ងាកមកដាំពោតស្នៀតស្ទើរតែទាំងអស់គ្នាវិញ។
កសិករម្នាក់ទៀតគឺអ្នកស្រី ចក់ នាង ដែលកាប់ល្ហុងចោលមកដាំពោតយកស្នៀតនេះដែរនោះ បាននិយាយថា ពោតយកស្នៀតគឺយើងកាច់លក់បានរាល់ថ្ងៃ បានចំណូលជាប្រចាំមិនដូចដំណាំផ្សេងៗនោះទេ ហើយបើថោកណាស់ ក៏1ស្លឹកចំនួន 500ស្នៀត ក៏អាចលក់បានពី 30.000 ទៅ 40.000រៀលដែរ ប៉ុន្តែបើខែអុំទូកមិនសូវសំបូរវិញនោះ 1ស្លឹកអាចបានតម្លៃដល់ទៅ 50.000រៀលឯណោះ «សព្វថ្ងៃនេះ ជាមធ្យមអ្នកស្រីអាចកាច់លក់បានប្រមាណ 7 ទៅ 8ម៉ឹនរៀលដែរ ហើយឱ្យតែយកទៅដល់ត្រើយម្ខាងគឺមានម៉ូយចាំដណ្តើមគ្នាទិញ មិនព្រួយរឿងសល់ឡើយ ហើយស្នៀតពោតនេះគេយកទៅធ្វើបន្លែស្ល ឬឆា មានរសជាតិឆ្ងាញ់ម្យ៉ាងដែរ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្តាល លោក ប៊ុន ទូនស៊ីបូណា បានលើកឡើងថា វាពិតជាចំណុចវិជ្ជមានមួយផងដែរ ដែលកសិករនៅកោះតាងចេះសម្លឹ ងមើលអំពីតម្រូវការទីផ្សារ ហើយបោះបង់ទម្លាប់ចាស់ ងាកមកដាំដំណាំដែលកំពុងមានតម្រូវការដែលអាចលក់បានតម្លៃខ្ពស់។ ករណីនេះលោកអំពាវនាវ ឱ្យកសិករនៅតំបន់ផ្សេងៗទៀត ត្រូវចេះស្វែងយល់ពីតម្រូវការទីផ្សារមុននឹងដាំដំណាំអ្វីមួយ ជៀសវាងការខាតបង់បានផលហើយគ្មានទីផ្សារលក់ចេញ៕