(កំពង់ស្ពឺ)-កាលពីថ្ងៃទី ៨ ឧសភា ២០២២ វេលាម៉ោងជាង ២២ និង ១០ នាទី មានករណីអគ្គិភ័យមួយធ្វើឱ្យផ្ទះ ១ ខ្នង និងទ្រព្យជាច្រើនរបស់ប្រជាពលរដ្ឋមួយគ្រួ ស្ថិតនៅភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបាត់បង់គ្មានសល់ នេះបើតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនរងគ្រោះជាម្ចាស់ផ្ទះខាលើ ដែលមានឈ្មោះថា ផន ខន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវរងរបួស ហើយផ្ទះរបស់គាត់ត្រូវអគ្គិភ័យលេបត្របាក់យកអស់គ្មានសល់។
សមត្ថកិច្ចឱ្យដឹងថា ផ្ទះរបស់ជនរងគ្រោះ មានទំហំ ៦មx៨ម ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម។ ក្រៅពីផ្ទះ ករណីអគ្គិភ័យនេះក៏បានឆេះមាសរបស់ម្ចាស់ផ្ទះអស់ ៣ តំឡឹង, ប្រាក់ដុល្លារអស់ ៨,០០០ ដុល្លារ ,ប្រាក់រៀលអស់ ១០,០០០,០០០ រៀល, ស្រូវចំនួន ១ តោន និងអង្ករ ១០០ គីឡូក្រាម ព្រមទាំងសៀវភៅស្នាក់នៅ(ក២), អត្តសញ្ញាណប័ណ្ណ និងសម្ភារៈ ឯកសារជាច្រើនផ្សេងទៀតផងដែរ។
មូលហេតុដែលបណ្ដាលកើតមានអគ្គិភ័យខាងលើ ត្រូវបានសមត្ថកិច្ចក្នុងតំបន់បញ្ជាក់ថា គឺដោយសារឆ្លងចរន្តអគ្គិសនី ៕