លោក Elon Musk អាចបញ្ឈប់ការងាររបស់បុគ្គលិកច្រើនរយនាក់ មុនពេលជ្រើសរើសបុគ្គលិកជំនាញថ្មី ដើម្បីត្រៀមសម្រាប់គម្រោងពាណិជ្ជកម្ម និងផលិតពិសេសរបស់បណ្ដាញសង្គម Twitter។
នៅក្នុងឯកសារផ្ញើទៅកាន់ក្រុមអ្នកវិនិយោគដែល New York Times ទទួលបាន មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង Elon Musk បានគូសវាសផែនការជាច្រើនសម្រាប់ Twitter បើសិនការទិញដូរដែលមានតម្លៃ ៤៤ ពាន់លានដុល្លាររបស់លោក បានសម្រេចជាស្ថាពរ។
កែទម្រង់ធនធានមនុស្ស
New York Times យល់ថា បន្ទាប់ពីចូលគ្រប់គ្រង Twitter ម្ចាស់ SpaceX អាចកាន់កាប់តំណែង CEO ជាបណ្ដោះអាសន្ន និងបញ្ឈប់បុគ្គលិករាប់រយនាក់ មុននឹងជ្រើសរើសអ្នកជំនាញថ្មីផ្នែកបច្ចេកទេស។ លោក Elon Musk គ្រោងនឹងរកបុគ្គលិកឱ្យបានប្រហែល ១១,០៧២ នាក់ នៅឆ្នាំ ២០២៥ ខណៈបច្ចុប្បន្ន Twitter មានតែជាង ៧,៥០០ នាក់។
លោក Musk ក៏គ្រោងនឹងប្ដូរផ្លាស់ទម្រង់ដឹកនាំមួយចំនួនផងដែរ។ កាលពីចុងសប្ដាហ៍កន្លង លោកធ្លាប់បាននិយាយថា លោកជឿថា មេដឹកនាំគ្រប់រូបក្នុងវិស័យបច្ចេកវិទ្យា ត្រូវតែជាមនុស្សឆ្នើមក្នុងផ្នែកបច្ចេកវិទ្យា។
ផ្លាស់ប្ដូរយុទ្ធសាស្ត្រជំនួញ
លោក Musk ប្រកាសកែលម្អប្រាក់ចំណូលប្រចាំឆ្នាំរបស់ Twitter ឱ្យឡើងដល់ ២៦.៤ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៨។ កាលពីឆ្នាំកន្លង បណ្ដាញសង្គមនេះរកចំណូលបាន ៥ ពាន់លានដុល្លារអាម៉េរិក។ លោក Musk ក៏នឹងកាត់បន្ថយកញ្ចប់ចំណាយទៅលើការផ្សារពាណិជ្ជកម្មរបស់ Twitter ផងដែរ។
អូសទាញអ្នកប្រើប្រាស់ថ្មីបន្ថែមទៀត
មហាសេដ្ឋី Elon Musk មានគម្រោងទាក់ទាញអ្នកប្រើប្រាស់ Twitter ឱ្យបានដល់ ៩៣១ លាននាក់ នៅឆ្នាំ ២០២៨។ កាលពីចុងឆ្នាំ ២០២១ Twitter មានអ្នកប្រើប្រាស់ ២១៧ លាននាក់។
លោក Elon Musk ក៏ឱ្យដឹងថា នឹងមានការយកថ្លៃប្រើប្រាស់បន្ថែម ៣ ដុល្លារ/ខែ សម្រាប់គណនី Twitter Blue ហើយថា Twitter Blue នឹងមានអ្នកប្រើប្រាស់ ៦៩ លាននាក់នៅឆ្នាំ ២០២៥ និង ១៥៩ លាននាក់នៅឆ្នាំ ២០២៦។
គម្រោងសំខាន់មួយចំនួនផ្សេងទៀត
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla ក៏បានបង្ហើបឱ្យដឹងអំពីគម្រោង «X» ដ៏អាថ៌កំបាំង ដែលត្រូវបានចាត់ទុកថាជាផលិតផលថ្មីរបស់ Twitter។ លោក Musk មិនបាននិយាយលម្អិត ប៉ុន្តែ លោកបានលើកឡើងអំពីបទពិសោធន៍នៃមុខងារគ្មានការផ្សាយពាណិជ្ជកម្មនៅលើ Twitter។ គម្រោង «X Subscriber» នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ហើយនឹងមានអ្នកប្រើប្រាស់ប្រហែល ៩ លាននាក់ក្នុងឆ្នាំដំបូង។
នៅលើទំព័របណ្ដាញសង្គម កាលពីថ្ងៃទី ៦ ឧសភា លោក Musk ឱ្យដឹងថា ដើម្បីបានសម្រេចគម្រោងខាងលើ លោកនឹងដឹកនាំ Twitter ផ្ដោតទៅលើវិស័យសំខាន់ៗចំនួន ៤ គឺ បច្ចេកទេសផ្នែកទន់, រចនា, ការពារទិន្នន័យ និងផ្នែករឹងសម្រាប់ម៉ាស៊ីនមេ (server)៕