ម៉ូតសំលៀកបំពាក់ទាន់សម័យរបស់កម្ពុជា ដែលបានបង្ហាញក្នុងកម្មវិធីពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ត្រូវបានបណ្តាប្រទេសសហគមន៍អឺរ៉ុប អាមេរិក អាស៊ីជាច្រើន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។
ម៉ូតសំលៀកបំពាក់កម្ពុជាដែលឌីហ្សាញម៉ូតដោយក្រុមហ៊ុន ក្រុមហ៊ុនឌីហ្សាញ និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN ដែលជាស្នាដៃកូនខ្មែរ តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ទទួលបានការចាប់អារម្មណ៍ និងការសសើរថា ការរចនាម៉ូតបែបទាន់សម័យរបស់កូនខ្មែរ មិនចាញ់សហគមន៍អឺរ៉ុប ខណៈម៉ូតសំលៀកបំពាក់កម្រិតអន្តរជាតិទាំងនោះ បានបង្ហាញវត្ដមានក្នុងកម្មវិធីបង្ហាញម៉ូត “READY-TO-WEAR CATWALK SHOW” នៅក្នុងឱកាសពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” នៅទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះ មានការចូលរួមពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប កម្ពុជា វៀតណាម និងមីយ៉ាម៉ា។ គ្រាន់តែដល់វេន ការបង្ហាញម៉ូតសម្លៀកបំពាក់របស់កម្ពុជាភ្លាម ភ្ញៀវដែលបានចូលរួមទស្សនា បានទះដៃអបអរសាទរ ជាពិសេសគឺ គណៈកម្មការរៀបចំកម្មវិធី បានក្រោកឈរឡើងថ្លែងកោតសរសើរយ៉ាងខ្លាំងដល់កម្ពុជា ហើយនៅពេលនោះមានតែប្រទេសកម្ពុជាតែមួយគត់ ដែលមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូកម្ពុជា និងម្ចាស់ក្រុមហ៊ុនឌីហ្សាញម៉ូតសម្លៀកបំពាក់ NATACHA VAN ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសឡើងមកលើឆាក ដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ។
ម៉ូតសម្លៀកបំពាក់ខ្មែរនាពេលនោះ ត្រូវបានគេវាយតម្លៃថា ស្អាត ទាន់សម័យ មានគុណភាពល្អ ហើយអាចប្រកួតប្រជែងបានក្នុងទីផ្សារអឺរ៉ុបទៀតផង។ ភាពលេចធ្លោនៃសម្លៀកបំពាក់កម្ពុជាក្នុងកម្មវិធីបង្ហាញម៉ូតនោះ ភាពជោគជ័យដ៏ធំធេងនេះ នឹងជួយឱ្យកាន់តែមានការគាំទ្រ និងមានការបញ្ជារទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាកាន់តែច្រើនឡើងៗពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងអាស៊ីជាច្រើនទៀត៕