គេហទំព័រផ្លូវការរបស់ក្លឹបបាល់ទាត់ Chelsea ថ្មីៗនេះបានប្រកាសជាផ្លូវការថា ក្រុមអ្នកវិនិយោគដែលដឹកនាំដោយមហាសេដ្ឋី Todd Boehly សម្រេចបានកិច្ចព្រមព្រៀងទិញក្លឹប Chelsea ពី មហាសេដ្ឋីរុស្ស៊ី Roman Abramovich ក្នុងតម្លៃជាង ៤ ពាន់លានផោន ដែលប្រហែលនឹង ៤.៩៣ ពាន់លានដុល្លារអាម៉េរិក។
តាមគម្រោង មហាសេដ្ឋី Boehly នឹងទូទាត់ ២.៥ ពាន់លានផោន ដើម្បីទិញភាគហ៊ុន និង ១.៧៥ ពាន់លានផោនដែលនៅសល់នឹងត្រូវបានទូទាត់ក្រោមរូបភាពវិនិយោគទៅលើក្លឹប ដូចជា សាងសង់ទីលានប្រកួត ឬចំណាយទៅលើក្រុមបាល់ទាត់នារីជាដើម។
ប្រាក់ ២.៥ ពាន់លានផោនខាងលើ នឹងត្រូវបានផ្ទេរទៅក្នុងគណនីមួយនៅ អង់គ្លេស ហើយត្រូវបង្កកភ្លាមៗ ដើម្បីកុំឱ្យលោក Abramovich ផ្ទេរចេញទៅបរទេស។ ប្រាក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងមនុស្សធម៌។
ដូច្នេះ មហាសេដ្ឋីរុស្ស៊ី Abramovich ហាក់មិនទទួលបានសូម្បីតែ ១ រៀល ពីការលក់ក្រុមបាល់ទាត់របស់លោក។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Wall Street Journal ឱ្យដឹងថា ការទិញដូរខាងលើនេះនៅតែត្រូវការឱ្យមានការអនុម័តជាផ្លូវការពី រដ្ឋាភិបាលអង់គ្លេស។
លោក Abramovich ដែលកាន់កាប់ក្រុមបាល់ទាត់ Chelsea ជិត ២០ ឆ្នាំមកនេះ បានចំណាយប្រាក់កាសជាច្រើនដើម្បីទិញកីឡាករ ក៏ដូចជាទទួលយកការខាតបង់ជាង ១ ពាន់លានដុល្លារ ដើម្បីប្រែក្លាយក្លឹបនេះទៅជាក្រុមបាល់ទាត់លេចធ្លោជាងគេមួយនៅ ពានរង្វាន់បាល់ទាត់អង់គ្លេស Premier League (ព្រីមៀរលីគ)។
ឆ្នាំ ២០២១ Chelsea គឺជាក្រុមដែលដណ្ដើមបានតំណែងជើងឯក UEFA Champions League (UCL) នៅអឺរ៉ុប។
ប៉ុន្តែ ដោយសារសង្គ្រាមនៅ អ៊ុយក្រែន កាលពីខែមីនា ២០២២ មហាសេដ្ឋី Abramovich ត្រូវបង្ខំចិត្តលក់ក្លឹបនេះ។ រដ្ឋាភិបាលអង់គ្លេស បាន និងកំពុងតាមដានការទិញដូរក្លឹបបាល់ទាត់ Chelsea យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា មហាសេដ្ឋី Abramovich នឹងមិនអាចទទួលបានផលប្រយោជន៍ពីការទិញដូរនេះ៕