នៅ ហៃហ្វុង នៅថ្ងៃទី ៦ ឧសភានេះ ក្រុមហ៊ុនកប៉ាល់ល្បឿនលឿន ហ្វ៊ូក្វុក (កោះត្រល់-Phu Quoc) សហការជាមួយក្រុមហ៊ុនការពារជាតិមួយរបស់ រដ្ឋវៀតណាម បានសម្ពោធដាក់បណ្ដែតទឹកកប៉ាល់ ថាំងឡុង ដែលជាកប៉ាល់ល្បឿនលឿន និងធំបំផុតនៅ វៀតណាម ដើម្បីត្រៀមដំណើរការឆាប់ៗនេះ។
តាមគម្រោង កប៉ាល់ខាងលើនេះនឹងដឹកអ្នកដំណើរពី វ៉ុងតៅ (Vung Tau) ទៅកោះកូនដៅ (កោះត្រឡាច-Con Dao) ចាប់ពីខែកក្កដា ឆ្នាំ ២០២២។
កប៉ាល់ល្បឿនលឿនឈ្មោះ ថាំងឡុង មានបណ្ដោយប្រវែង ៧៧.៤៦ ម៉ែត្រ, កម្ពស់ ៤ ជាន់ ក្នុងនោះ ២ ជាន់ជាប្រភេទ Eco, ១ ជាន់ជាប្រភេទពិសេស (VIP) និងជាន់លើបង្អស់ជា «Café Roof Top»។ កប៉ាល់ថាំងឡុង អាចដឹកមនុស្សបាន ១,០១៧ នាក់ ដោយប្រើប្រាស់ម៉ាស៊ីន Rolls-Royce MTU ចំនួន ៣ គ្រឿង ដែលមានកម្លាំងសរុប ១១,៥៨០ សេះ។ ចំណែកដងខ្លួនរបស់វា ធ្វើអំពីសមាសធាតុអាលុយមីញូម នាំចូលពី អ៊ីតាលី។ កប៉ាល់នេះអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ជាង ៥៥ គីឡូម៉ែត្រ/ម៉ោង។
ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់ល្បឿនលឿន ហ្វ៊ូក្វុក ឱ្យដឹងថា បច្ចុប្បន្ន ពួកគេមានកប៉ាល់ចំនួន ១១ គ្រឿងកំពុងដំណើរការ ដែលទាំងអស់សុទ្ធតែជាប្រភេទទំនើប និងសុវត្ថិភាពលំដាប់កំពូលនៅ វៀតណាម។ ចំណែក ក្រុមហ៊ុនផលិតកប៉ាល់របស់កងទ័ពវៀតណាម និយាយថា ក្រុមហ៊ុននេះប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការធ្វើទំនើបកម្មផលិតផល ទាំងក្នុងវិស័យយោធា និងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រីកទីផ្សារ ទាំងក្នុង និងក្រៅប្រទេស។