នៅក្នុងការសាកល្បងហោះហើររបស់សាកលវិទ្យាល័យ Zhejiang យន្តហោះគ្មានមនុស្សបើក (drone) ចំនួន ១០ គ្រឿង បានទទួលជោគជ័យក្នុងការឆ្លងកាត់បរិស្ថានដែលគ្មានការគ្រប់គ្រង និងសម្បូរដោយឧបសគ្គ នៅក្នុងព្រៃឫស្សី។
សារព័ត៌មាន SCMP បានឱ្យដឹងថា យន្តហោះដ្រោនស្វ័យប្រវត្តិទាំង ១០ គ្រឿងនេះ អាចហោះឆ្លងកាត់ព្រៃឫស្សីមួយនៅ ប្រទេសចិន។ បច្ចេកទេសកុំព្យូទ័រមួយនាំផ្លូវឱ្យពួកវាគេចពីឧបសគ្គ ហោះហើរប្រកបដោយប្រសិទ្ធភាព និងសហការគ្នាធ្វើការជាក្រុម។
ពួកវាអាចហោះឆ្លងកាត់ចន្លោះចង្អៀតរវាងដើមឫស្សី។ ទាំងដើមឫស្សីឈរត្រង់ ដើមឫស្សីទេរ ឫស្សីរលំទាប គម្ពោតព្រៃក្រាស់ មែកឈើ ឬស្លឹកឈើជាដើម សុទ្ធតែមិនអាចរារាំងដ្រោនទាំងនេះបាន។
នេះគឺជាផ្នែកមួយនៃការសាកល្បងបច្ចេកវិទ្យារបស់ក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ Zhejiang ប្រទេសចិន ហើយវាគឺជាក្រុមយន្តហោះដ្រោនដំបូងគេដែលទទួលបានជោគជ័យក្នុងការហោះហើរក្នុងបរិស្ថានមិនមានការគ្រប់គ្រង។
បើតាមទ្រឹស្ដី បច្ចេកវិទ្យានេះអាចជួយបង្កើតផែនទីពីលើទីខ្ពស់ និងជួយដោះស្រាយគ្រោះមហន្តរាយ។ល។