មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ឱ្យដឹងថា ចង់កំណត់គោលការណ៍យកថ្លៃប្រើប្រាស់ចំពោះគណនីមួយចំនួន ក្រោយពីចូលក្ដោបក្ដាប់ Twitter ជាផ្លូវការ។
ក្នុងសារដែលបានបង្ហោះថ្មី លោក Elon Musk អះអាងថា បណ្ដាញសង្គមនេះនឹង «នៅតែមិនគិតថ្លៃចំពោះអ្នកប្រើប្រាស់ធម្មតា» ប៉ុន្តែ អាចនឹង «យកថ្លៃតិចតួចចំពោះអ្នកប្រើប្រាស់សក្នុងបំណងពាណិជ្ជកម្ម ឬរដ្ឋាភិបាល»។ ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX មិនបាននិយាយច្បាស់ថា ចង់យកថ្លៃទៅតាមបែបចុះឈ្មោះប្រើប្រាស់ ឬតាមរយៈគណនីដែលត្រូវបង់ប្រាក់ទៅតាមអត្ថបទដើម្បីបង្ហាញខ្លួនទូលំទូលាយដូចអ្វីដែល Facebook កំពុងធ្វើ ឬយ៉ាងណានៅឡើយ។
នេះគឺជាបំណងផ្លាស់ប្ដូរដំបូងដែល Musk ចង់អនុវត្ត បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីសប្ដាហ៍កន្លង។ មិនត្រឹមតែអ្នកលេងរាប់លាននាក់នោះទេ សូម្បីតែក្រុមអ្នកតាក់តែងច្បាប់នៅ សហរដ្ឋអាម៉េរិក និង អឺរ៉ុប ក៏កំពុងរង់ចាំមើលសកម្មភាពផ្លាស់ប្ដូររបស់ Elon Musk ចំពោះTwitter នេះបើតាម CNN។
យោងតាមសារព័ត៌មាន Reuters មហាសេដ្ឋីរូបនេះ ថែមទាំងមានគម្រោងកាត់បន្ថយប្រាក់បៀវត្សរ៍របស់នាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាលផងដែរ ដើម្បីបន្ថយការចំណាយ ក៏ដូចជាអភិវឌ្ឍវិធីរកប្រាក់ថ្មីពីការបង្ហោះសារនៅលើ Twitter។ តាមការគណនា ខ្ទង់ប្រាក់ដែលសំច័យបានពីការផ្លាស់ប្ដូរខាងលើ គឺប្រហែល ៣ លានដុល្លារ ខណៈដែលខ្ទង់ប្រាក់រង្វាន់យោងទៅតាមចំនួនភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០២១ គឺ ៦៣០ លានដុល្លារ កើន ៣៣% ធៀបនឹងឆ្នាំ ២០២០។