ផ្សារជួញដូររូបិយវត្ថុឌីជីថល ធំជាងគេបង្អស់ក្នុងពិភពលោក Binance ចំណាយប្រាក់ ៥០០ លានដុល្លារអាម៉េរិក ដើម្បីរួមចំណែកជាមួយមហាសេដ្ឋី Elon Musk ក្នុងការទិញ Twitter។
ឯកសាររបស់ម្ចាស់ក្រុមហ៊ុន Tesla ដែលបានដាក់ឡើងទៅកាន់គណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាម៉េរិក កាលពីថ្ងៃទី ៥ ឧសភាឱ្យដឹងថា ក្រុមហ៊ុន Binance ស្ថិតក្នុងចំណោមអ្នកវិនិយោគ ១៩ ភាគី ដែលរួមចំណែកក្នុងករណីទិញដូរបណ្ដាញសង្គម Twitter។ ប្រាក់សរុបដែលប្រមូលបានគឺ ៧.១ ពាន់លានដុល្លារ ក្នុងនោះ Binance គឺជាភាគីមួយក្នុងចំណោមអ្នកវិនិយោគធំៗ ដោយចំណាយរហូតដល់ ៥០០ លានដុល្លារ។
ឆ្លើយនឹងសំណួររបស់ CoinDesk តំណាងរបស់ Binance ឱ្យដឹងថា ពួកគេចូលរួមក្នុងករណីទិញដូរខាងលើ ក្នុងនាមជាអ្នកវិនិយោគ និងគាំទ្រគម្រោងនានារបស់លោក Elon Musk សម្រាប់ Twitter។ ចំណែកស្ថាបនិករបស់ Binance លោក Changpeng Zhao បានសរសេរនៅលើបណ្ដាញសង្គមថា នេះគឺជាការរួមចំណែកតិចតួចទៅក្នុងមុខជំនួញ។
បច្ចុប្បន្ន Binance គឺជាផ្សារជួញដូររូបិយវត្ថុឌីជីថល ធំជាងគេបង្អស់ក្នុងពិភពលោក។ Changpeng Zhao ដែលមានរហ័សនាមថា CZ ក៏ជាអ្នកមានជាងគេបង្អស់នៅក្នុងពិភពប្រាក់ឌីជីថលផងដែរ ដោយមានទ្រព្យប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក នេះបើតាមសារព័ត៌មាន Forbes។
ក្រៅពី Binance នៅមានអ្នកវិនិយោគជាច្រើនផ្សេងទៀតចូលរួមកម្លាំងជាមួយ Elon Musk ក្នុងការទិញដូរ Twitter ក្នុងនោះមានដូចជា Larry Ellison (១ ពាន់លានដុល្លារ), Sequoia Capital (៨០០ លានដុល្លារ), VyCapital (៧០០ លានដុល្លារ)។
Elon Musk ប្រកាសថា បានសម្រេចកិច្ចព្រមព្រៀងទិញ Twitter កាលពីថ្ងៃទី ២៥ មេសា ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោងនឹងរួចរាល់នៅខែតុលា។
ក្រោយពីព័ត៌មានស្ដីពី Binance ចំណាយប្រាក់ទិញ Twitter ត្រូវបានចុះផ្សាយ តម្លៃភាគហ៊ុន Twitter ក៏បានកើន ២% ទៀត ពោលគឺឡើងដល់ ៥០.១២ ដុល្លារ/ហ៊ុន ខណៈដែលប្រាក់គ្រីបតូ (Cryptocurrency) ឬហៅថា ប្រាក់ឌីជីថល របស់ Binance គឺ Binane Coin (BNB) កើនពី ៣៩៩ ឡើងដល់ ៤១៤ ដុល្លារ/កាក់។