មួយឆ្នាំ បន្ទាប់ពីបានលែងលះ មហាសេដ្ឋីអាម៉េរិក លោក ប៊ីលហ្គេត បានសារភាពថា បានបង្កកំហុសឆ្គងធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ និងបាន «ធ្វើឱ្យគ្រួសារឈឺចាប់»។
«ខ្ញុំប្រាកដណាស់ថា បានធ្វើឱ្យមានកំហុសឆ្គង ហើយខ្ញុំសុំទទួលខុសត្រូវ» មហាសេដ្ឋី ប៊ីលហ្គេត បានប្រាប់ សារព័ត៌មាន Today កាលពីថ្ងៃទី ៣ ឧសភា នៅពេលត្រូវបានសួរថា តើមានពេលខ្លះលោកមិនស្មោះនឹងអាពាហ៍ពិពាហ៍ ២៧ ឆ្នាំ ជាមួយអតីតភរិយា គឺលោកស្រី មេលីនដា ហ្វ្រែន ហ្គេត (Melinda French Gates) ឬទេ។
កិច្ចសម្ភាសខាងលើត្រូវបានធ្វើឡើងចំថ្ងៃគម្រប់ ១ ឆ្នាំ បន្ទាប់ពីលោក និងលោកស្រី ហ្វ្រែន ហ្គេត បានចេញប្រកាសរួមថា បានសម្រេចចិត្តលែងលះ។
មហាសេដ្ឋីវ័យ ៦៦ ឆ្នាំរូបនេះ ឱ្យដឹងថា ទីបញ្ចប់នៃអាពាហ៍ពិពាហ៍ «ពិតជាគួរឱ្យសោកស្ដាយ» ប៉ុន្តែ បានបញ្ជាក់ថា លោក និងអតីតភរិយា នៅតែធ្វើការជាមួយគ្នានៅក្នុងមូលនិធិមនុស្សធម៌។
និយាយដល់រឿងដែលលោកស្រី ហ្វ្រែន ហ្គេត រៀបរាប់ជាមួយ CBS News កាលពីខែមីនា ដែលក្នុងនោះលោកស្រីបាននិយាយថា លោកស្រី «ពេលខ្លះដេកយំនៅលើកម្រាលឥដ្ឋ» ហើយថា «មិនអាចជឿបានចំពោះទំនាក់ទំនងនេះ» លោក ប៊ីល ហ្គេត ថ្លែងថា «នោះគឺជារឿងដ៏លំបាក» ប៉ុន្តែ បានអះអាងថា ពួកគាត់បានសាងនូវ «ប្រការដ៏អស្ចារ្យជាច្រើន» ក្នុងជីវិតអាពាហ៍ពិពាហ៍។
ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះ នៅតែមិនបង្ហើបឱ្យដឹងអំពីមូលហេតុដែលនាំឱ្យគ្រួសារនេះបែកបាក់។ «ខ្ញុំមិនគិតថា ការនិយាយលម្អិតក្នុងពេលនេះគឺជារឿងស្ថាបនានោះទេ ប៉ុន្តែ ត្រូវហើយ ខ្ញុំគឺជាអ្នកដែលបានបង្កឱ្យមានការឈឺចាប់ និងមានអារម្មណ៍ថា អន់ខ្លាំងណាស់ព្រោះតែបញ្ហានោះ» លោក ប៊ីល ហ្គេត បញ្ជាក់ដូច្នេះ។