(សហរដ្ឋអាម៉េរិក)-បុរសម្នាក់ត្រូវបានចាប់ខ្លួននៅ San Francisco បន្ទាប់ពីបានតោងឡើងអគារខ្ពស់ Salesforce ដោយពុំមានខ្សែការពារសុវត្ថិភាពអ្វីទាំងអស់។ បុរសនេះថែមទាំងសើចយ៉ាងស្រស់ និងលើកដៃស្វាគមន៍មនុស្សទាំងឡាយដែលនៅក្នុងអគារទៀតផង។
នាយកដ្ឋានគ្រប់គ្រងអគ្គិភ័យរបស់ទីក្រុង San Francisco បានបញ្ជាក់ថា ពិតជាមានហេតុការណ៍នេះ និងបានអំពាវនាវឱ្យសាធារណជន «រួមគ្នាថ្កោលទោសចំពោះសកម្មភាពនេះ»។
អគារ Salesforce ដែលមានកម្ពស់ ៣២៦ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេលំដាប់ទី ២ នៅតំបន់ភាគខាងលិច Mississippi និងឈរលំដាប់ទី ១៧ នៅ សហរដ្ឋអាម៉េរិក។
នៅលើទំព័រ Instagram របស់ខ្លួន «មនុស្សពីងពាង» នេះ បានឱ្យដឹងថា គាត់តោងឡើងអគារនេះគឺដើម្បីប្រឆាំងនឹងស្ថាប័នមួយដែលបម្រើសេវាកម្មរំលូតកូន។
បុរសនេះកន្លងមក ធ្លាប់បានតោងឡើងអគារកម្ពស់ជាង ១៨០ ម៉ែត្រ កាលពីខែសីហា ២០២១ ផងដែរ ដើម្បីជំទាស់នឹងវិធានការរឹតបន្តឹងនានាក្នុងបំណងទប់ស្កាត់កូវីដ-១៩។
ហេតុការណ៍ខាងលើនេះបានកើតឡើង ១ ថ្ងៃ បន្ទាប់ពី សេចក្ដីព្រាងមតិកម្រាស់ ៩៨ ទំព័រ របស់ចៅក្រមតុលាការកំពូលអាម៉េរិក ត្រូវបានគេធ្វើឱ្យលេចធ្លាយ ដែលបង្ហាញថា ស្ថាប័នយុត្តិធម៌របស់ អាម៉េរិក អាចនឹងធ្វើឱ្យសេចក្ដីសម្រេចលើបញ្ហារំលូតកូន កាលពីឆ្នាំ ១៩៧៣ ក្លាយជាស្របច្បាប់វិញ។
ការលេចធ្លាយនេះ ធ្វើឱ្យមានបាតុកម្មពាសពេញទឹកដីអាម៉េរិក។ ក្រុមអ្នកគាំទ្រសិទ្ធិរំលូតកូន និងក្រុមមិនគាំទ្រ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការកំពូល ក្នុង រដ្ឋធានីវ៉ាស៊ីងតោន និងនៅក្នុងបណ្ដាទីក្រុង ដើម្បីសម្ដែងមតិផ្ទាល់ខ្លួនចំពោះបញ្ហានេះ។