ក្រុមហ៊ុន Honda របស់ ជប៉ុន បានប្រកាសថា ពួកគេបានកំណត់គោលដៅបញ្ចេញរថយន្តអគ្គិសនី (EV) ចំនួន ៣០ ម៉ូដែល នៅឆ្នាំ ២០៣០ ប៉ុន្តែ ក្រុមអ្នកវិភាគយល់ឃើញថា Honda គួរតែដើរឱ្យបានឆ្ងាយជាងនេះ។
ទីភ្នាក់ងារសារព័ត៌មាន Nikkei បានចេញផ្សាយថា ក្រុមហ៊ុន Honda នៅក្នុងខែនេះ បានប្រកាសថា ពួកគេកំណត់គោលដៅបញ្ចេញរថយន្តអគ្គិសនី (EV) ចំនួន ៣០ ម៉ូដែល នៅឆ្នាំ ២០៣០។ កាលពី ១ ឆ្នាំមុន Honda បានប្រកាសថា នឹងឈប់លក់រថយន្តដើរដោយប្រេងសាំងនៅឆ្នាំ ២០៤០។ យុទ្ធសាស្ត្រថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលថា ការសន្យារបស់ Honda កន្លងមក គឺខ្វះភាពជាក់លាក់។
ប្រធានក្រុមហ៊ុន Honda លោក Toshihiro Mibe ថ្លែងថា «តាំងពីខែមេសា ឆ្នាំ ២០២១ យើងបានចាប់ផ្ដើមពិចារណារកវិធីដើម្បីសម្រេចបានគោលដៅនេះ។ ដោយមានការរំពឹងទុកនៅស្រពេចស្រពិល យើងបានរៀបផែនការចុះឡើងជាច្រើនលើក»។
គម្រោងថ្មីបំផុតរបស់ Honda តម្រូវឱ្យបង្កើនការផលិតរថយន្តឱ្យបានជាង ២ លានគ្រឿងក្នុង ១ ឆ្នាំៗ ដែលប្រហាក់ប្រហែលនឹង ៤០% បើធៀបនឹងបរិមាណរថយន្តរបស់ក្រុមហ៊ុននេះនៅឆ្នាំ ២០៣១។
ក៏ប៉ុន្តែ ភាគហ៊ុនរបស់ Honda បានថយចុះ ៥ យេន នៅក្នុងថ្ងៃដែលប្រកាសខាងលើនេះត្រូវបានផ្សព្វផ្សាយ ពោលគឺមកនៅត្រឹម ៣,២២៩ យេន/ហ៊ុន។
Shinya Naruse អ្នកវិភាគមួយរូបប្រចាំ Okasan Securities ឱ្យដឹងថា «យើងមិនបានឃើញអ្វីដែលយើងរំពឹងទុកសោះ នៅពេលមើលទៅលើយុទ្ធសាស្ត្ររបស់ Honda ឧទាហរណ៍ដូចជា ការរួមកម្លាំងជាមួយសកម្មភាពជំនួញក្នុងផ្នែកម៉ូតូរបស់ក្រុមហ៊ុននេះជាដើម»។
តម្លៃមូលធនទីផ្សាររបស់ Honda កាលពីថ្ងៃនោះគឺ ៥.៨៥ ទ្រីលានយេន (៤៥.៧ ពាន់លានដុល្លារអាម៉េរិក) ថយចុះបន្តិចធៀបនឹងមុនពេលប្រកាសងាកទៅផលិតរថយន្តអគ្គិសនីទាំងស្រុង កាលពីខែមេសា ២០២១។ ក្នុងដំណាក់កាលនោះ គូប្រជែងរបស់ Honda ក៏កំពុងតែរត់ប្រណាំងនៅពីមុខ។ មូលធនទីផ្សាររបស់ Tesla កើន ៤៧% ខណៈដែល BYD របស់ ចិន និង Toyota Motor កើនបន្តបន្ទាប់គឺ ៣៧% និង ២៤%។
លទ្ធភាពនៃការរកបានប្រាក់ចំណេញពីការផលិតរថយន្តគឺជាឧបសគ្គធំបំផុតចំពោះតម្លៃភាគហ៊ុនរបស់ Honda ដែលវាធំជាងការខកចិត្តទៅលើយុទ្ធសាស្ត្រក្នុងការផលិតរថយន្តអគ្គិសនីរបស់ពួកគេទៅទៀត។ Honda នៅតែបន្តពឹងផ្អែកលើអាជីវកម្មម៉ូតូ ដោយវិស័យនេះមានអត្រាចំណេញ ១៥% ជួយបង្កើនអត្រាចំណេញរួមរបស់ក្រុមហ៊ុននេះឡើងដល់ ៦%។
យោងតាមយុទ្ធសាស្ត្រថ្មី ដែលស្នើឱ្យវិនិយោគ ៥ ទ្រីលានយេន (៥,០០០,០០០,០០០,០០០) ទៅក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យដទៃទៀតនៅចុងខែមីនា ២០៣១ ក្រុមហ៊ុន Honda នឹងបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយ GM នៅក្នុងការការចែករំលែកបច្ចេកវិទ្យារថយន្តអគ្គិសនី និងអភិវឌ្ឍរថយន្តរួមគ្នា។ Honda ក៏កំពុងចាប់ដៃជាមួយ Sony ដែលជាក្រុមហ៊ុនក្រៅវិស័យ ដើម្បីបង្កើនប្រសិទ្ធភាពផ្នែក R&D (ស្រាវជ្រាវ និងអភិវឌ្ឍ)។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគយល់ឃើញថា ក្រុមហ៊ុន Honda គួរតែដើរឱ្យបានឆ្ងាយជាងផែនការដែលពួកគេបានគ្រោងទុក៕