មហាសេដ្ឋី Elon Musk លើកឡើងនូវគម្រោងបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) ជាថ្មី ដើម្បីបង្ហាញដល់ក្រុមអ្នកវិនិយោគថា លោកអាចកែលម្អសកម្មភាព និងលទ្ធភាពនៃការរកបានប្រាក់ចំណេញសម្រាប់ Twitter ក្នុងរយៈពេលដ៏ខ្លី។
អ្នកមានជាងគេក្នុងពិភពលោក បាននិយាយប្រាប់អ្នកវិនិយោគថា លោកមានផែនការធ្វើ IPO ចំពោះ Twitter បន្ទាប់ពីទិញបានប្រហែល ៣ ឆ្នាំ នេះបើតាមសារព័ត៌មាន WSJ។ បច្ចុប្បន្ន គម្រោងនៃការទិញដូរបណ្ដាញសង្គម Twitter នេះ កំពុងរង់ចាំការឯកភាពពីក្រុមភាគហ៊ុនិករបស់ Twitter និងក្រុមមន្ត្រីរដ្ឋាភិបាល ហើយគ្រោងនឹងរួចរាល់នៅចុងឆ្នាំ ២០២២។
នាយកប្រតិបត្តិរបស់ Tesla បានបញ្ចុះបញ្ចូលក្រុមហ៊ុនវិនិយោគធំៗជាងច្រើន ដើម្បីឱ្យពួកគេចូលរួមក្នុងការទិញដូរ Twitter ដែលប្រការនេះអាចជួយកាត់បន្ថយចំនួនទឹកប្រាក់ ២១ ពាន់លានដុល្លារ ជាប្រាក់ហោប៉ៅផ្ទាល់ខ្លួនរបស់លោក ដែលគ្រោងនឹងវិនិយោគទៅលើការទិញដូរនេះ។ ចំណែកដែលនៅសល់គឺពឹងលើប្រាក់កម្ចីពីធនាគារ។ WSJ ឱ្យដឹងថា ក្រុមហ៊ុនមួយកំពុងតែពិចារណាលើការចូលរួម នោះគឺក្រុមហ៊ុន Apollo Global Management។
សញ្ញាខាងលើរបស់លោក Musk បង្ហាញថា លោកចង់បង្កើតទំនុកចិត្តចំពោះក្រុមអ្នកវិនិយោគធំៗ និងឱ្យពួកគេជឿថា លោកអាចកែលម្អសកម្មភាព និងលទ្ធភាពនៃការរកបានប្រាក់ចំណេញសម្រាប់ Twitter ដោយប្រើពេលខ្លី៕