ក្រុមអ្នកវិនិយោគនៅ Alibaba ហាក់បីដូចកំពុងអង្គុយក្បែរអណ្ដាតភ្លើងដ៏ក្ដៅ នៅពេលបញ្ហានេះកើតឡើង។
យោងតាមទំព័រ Bloomberg ភាគហ៊ុនរបស់ Alibaba Group Holding ទើបតែបានឃើញនូវការធ្លាក់ចុះជាង ៩% បន្ទាប់ពីទូរទស្សន៍រដ្ឋចិន CCTV ផ្សាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនៅទីក្រុង Hangzhou បានដាក់បទបញ្ជារឹតត្បិតលើបុគ្គល ១ រូបដែលមានត្រកូល Ma។
ភាគហ៊ុនរបស់ Alibaba ក្រោយមកក៏បានងើបឡើងជិតដល់តម្លៃដើម បន្ទាប់ពីប៉ូលិសក្រុង Hangzhou បានចេញប្រកាសមួយដែលដូចទៅនឹងការផ្សាយរបស់ CCTV ប៉ុន្តែ មានការប្ដូរផ្លាស់តិចតួចដែលបង្ហាញថា ឈ្មោះរបស់ជនជាប់ចោទមាន ៣ ពាក្យ។ ចំណែក ឈ្មោះរបស់មហាសេដ្ឋី Jack Ma សហស្ថាបនិករបស់ Alibaba នៅក្នុងភាសាចិន មានតែ ២ ពាក្យ គឺ Ma Yun (马云)។
របាយការណ៍ដំបូងឱ្យដឹងថា បុគ្គលដែលត្រូវបានគេលាក់ឈ្មោះនេះ ត្រូវបានអនុវត្តនូវអ្វីដែលគេហៅថា «វិធានការបង្ខំ» កាលពីថ្ងៃទី ២៥ មេសា ក្រោយពីត្រូវបានចោទពីបទអុជអាលដើម្បីផ្ដួលរំលំរដ្ឋអំណាច និងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ នេះគឺជាព័ត៌មានដែល CCTV បានចុះផ្សាយ ដោយដកស្រង់ពីអង្គភាពសន្តិសុខសាធារណៈ ដែលមិនមានការបកស្រាយអ្វីបន្ថែម។
ថ្វីបើមានខ្លឹមសារខ្លី ប៉ុន្តែ វាបានធ្វើឱ្យក្រុមអ្នកវិនិយោគមានការព្រួយបារម្ភចំពោះការរឹតត្បិតក្នុងរយៈពេលយូររបស់ ទីក្រុងប៉េកាំង ទៅលើគ្រប់កន្លុកកន្លៀតនៃវិស័យអ៊ីនធើរណិក ដោយការចាប់ផ្ដើមសំពងលើមហាសេដ្ឋី Jack Ma ដំបូងគេ។ មុននោះ អាជ្ញាធរចិន បានផ្អាកគម្រោង IPO របស់ Ant Group Co. មុនពេលចាប់ផ្ដើមយុទ្ធនាការដើម្បីកាត់បន្ថយការកើនឡើងនៃអំណាច និងការរីកចម្រើនយ៉ាងលឿនរបស់បណ្ដាក្រុមហ៊ុនក្នុងវិស័យអ៊ីនធើណិត។
ក្រុមមន្ត្រីចិន នៅទីក្រុង Hangzhou ជាទីដែលទាំង Alibaba ទាំង Ant សុទ្ធតែមានការិយាល័យកណ្ដាល មិនបានអធិប្បាយអ្វីចំពោះបញ្ហានេះ។ ចំណែកតំណាងរបស់ Alibaba និង Ant ក៏មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណួរពី Bloomberg ទាក់ទិននឹងបញ្ហាខាងលើ៕