1) ជំនាញភាសាអង់គ្លេស៖ អង់គ្លេស វាបានក្លាយទៅជាភាសាមួយដែលគេប្រើប្រាស់នៅទូទាំងពិភពលោក។ មិនថាវិស័យណានោះទេ គឺទាមទារឱ្យចេះភាសាអង់គ្លេស ដើម្បីងាយស្រួលទំនាក់ទំនង។ បើទោះបីជាក្រុមហ៊ុនមួយ មិនមែនជាក្រុមហ៊ុនអន្តរជាតិក្ដី ប៉ុន្តែនៅក្នុងលក្ខខ័ណ្ឌការងារគឺក្រុមហ៊ុនតែងតែទាមទារឱ្យបុគ្គលិករបស់ខ្លួនចេះភាសាអង់គ្លេស ទោះចេះក្នុងកម្រិតណាក៏ដោយ។
2) ជំនាញទំនាក់ទំនង៖ បើទោះបីជាបុគ្គលិកនោះ មិនស្ថិតនៅក្នុងចង្កោមការងារទំនាក់ទំនងក្ដី ក៏ក្រុមហ៊ុនទាមទារឱ្យបុគ្គលិករបស់ខ្លួនមានជំនាញទំនាក់ទងដែរ។ ហេតុអ្វីចាំបាច់ចេះជំនាញមួយនេះ? ចាប់តាំងពីសន្តិសុខ អ្នកបោសសំរាម រហូតដល់ប្រធានក្រុមហ៊ុន គឺអ្នកត្រូវមានទំនាក់ទំនងគ្នាទាំងអស់ ព្រោះថាអ្នកធ្វើការងារនៅក្នុងក្រុមហ៊ុនមួយដែលមានបុគ្គលិកច្រើន មិនមែនមានតែឯងនោះទេ ដូច្នេះអ្នកត្រូវតែចេះជំនាញទំនាក់ទំនង ជាពិសេសគឺមិត្តរួមក្រុម មិត្តរួមការងារ និងប្រធានរបស់អ្នកផ្ទាល់តែម្ដង ហើយមូលហេតុធំដែលក្រុមហ៊ុនចង់ឱ្យបុគ្គលិកខ្លួនចេះជំនាញនេះគឺការងារនឹងប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។
3) ជំនាញទន់៖ ជំនាញទន់ ត្រូវបានគេដឹងថា ជាជំនាញដែលទាក់ទងនឹងសង្គម ដូច្នេះហើយទើបក្រុមហ៊ុនទាមទារឱ្យចេះជំនាញនេះ ព្រោះវាមានសារៈសំខាន់ផងដែរ សម្រាប់ការប្រឈម និងដោះស្រាយនូវបញ្ហានានា មិនថានៅក្នុង ឬនៅក្រៅក្រុមហ៊ុននោះទេ៕