(អង់គ្លេស)-ព្រលានឡានហោះ Air One ដំណើរការដោយស្វ័យប្រវត្ត និងរួមផ្សំជាមួយមធ្យោបាយដឹកជញ្ជូនដើរដោយថាមពលអគ្គិសនី ដើម្បីនាំមកនូវបណ្ដាញចរាចរណ៍សាធារណៈក្នុងក្រុងដែលមិនបញ្ចេញឧស្ម័នពុល។
Air One ជាព្រលានយន្តហោះដំបូងគេក្នុងពិភពលោកសម្រាប់ឡានហោះ និងយន្តហោះដ្រូនដែលដើរដោយថាមពលអគ្គិសនី។ Air One បើកដំណើរការនៅទីក្រុង Coventry របស់ ប្រទេសអង់គ្លេស នេះបើតាមការចុះផ្សាយកាលពីថ្ងៃទី ២៩ មេសា របស់ Interesting Engineering។ បើសិនជាជោគជ័យ Air One នឹងក្លាយជាគំរូសម្រាប់ការសាងសង់ព្រលានឡានហោះរាប់រយផ្សេងទៀតនៅទូទាំងសកលលោក។
ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ទីផ្សារសម្រាប់យានយន្តក្នុងវិស័យអាកាសចរណ៍ទំនើប អាចឡើងដល់ ១២.៤ ពាន់លានដុល្លារនៅទូទាំងសកលលោក នៅឆ្នាំ ២០២៧។ ក្នុងគ្រាដែលក្រុមវិស្វករ និងក្រុមអ្នករចនា ស្រាវជ្រាវអំពីយន្តហោះដែលអាចហោះឡើង និងចុះចតត្រង់ ដើម្បីអាចបម្រើដល់វិស័យចរាចរណ៍ក្នុងក្រុង Urban-Air Port ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីមានមូលដ្ឋាននៅ អង់គ្លេស ក៏បានប្រឹងប្រែងដើម្បីបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ពួកវា មិនស្មុគស្មាញដូចអ្វីដែលមនុស្សជាច្រើនបានគិត។
Air One ដែលជាព្រលានឡានហោះបណ្ដោះអាសន្នដំបូងរបស់ Urban-Air Port ត្រូវបានសាងសង់រួចរាល់ជាស្ថាពរដោយប្រើពេល ១៥ ខែ ក្នុងនោះក៏រួមទាំងពេលវេលានៃការគូប្លង់ និងការសាង់សង់។ នេះគឺជាគម្រោងសហការរវាង ក្រុមប្រឹក្សាក្រុង Coventry និង Urban-Air Port ដើម្បីបញ្ជាក់ឱ្យដឹងថា ការដឹកជញ្ជូនផ្នែកអាកាសចរណ៍នៅទីក្រុង អាចជួយកាត់បន្ថយការបំពុលបរិយាកាស និងបញ្ហាកកស្ទះចរាចរណ៍បានដល់កម្រិតណា។
Air One ដំណើរការដោយថ្មឧស្ម័នអ៊ីដ្រូសែន និងត្រូវបានរចនាឡើងដើម្បីអាចដំណើរការដោយស្វ័យប្រវត្ត។ Air One បានសហការជាមួយ Supernal របស់ក្រុមហ៊ុន Hyundai ដើម្បីប្រើប្រាស់គំរូតាក់ស៊ីហោះ SA-1 ធ្វើជាយានសម្រាប់ការបង្ហាញជាក់ស្ដែង។
«នេះគឺជាដំណាក់កាលដំបូងនៃយុគសម័យដឹកជញ្ជូនបែបថ្មី ជាសម័យកាលមិនបញ្ចេញឧស្ម័នពុល មិនបង្កការកកស្ទះចរាចរណ៍នៅក្នុងបណ្ដាទីក្រុង ហើយតាមរយៈនេះនឹងជួយឱ្យមនុស្សមានសុខភាពល្អ សុភមង្គល និងទទួលបានការតភ្ជាប់ច្រើនជាងមុន» Ricky Sandhu ស្ថាបនិករបស់ Urban-Air Port ថ្លែងដូច្នេះ។
Air One នឹងបើកទ្វារទទួលភ្ញៀវចូលមកទស្សនានៅក្នុងរដូវក្ដៅឆ្នាំនេះ ហើយក្រោយមក Urban-Air Port នឹងរើ Air One ទៅដាក់នៅកន្លែងផ្សេងៗក្នុង ប្រទេសអង់គ្លេស ដើម្បីឱ្យមនុស្សជាច្រើនផ្សេងទៀតបានស្គាល់។ ក្នុងពេល Air-One បើកទ្វារដំណើរការ ជើងហោះហើរនានារបស់ប៉ូលិស និងយន្តហោះដ្រូនដឹកទំនិញនឹងត្រូវបានធ្វើឡើង។
តាមគម្រោង Sandhu នឹងបើកដំណើរការព្រលានឡានហោះជាង ២០០ កន្លែង នៅលើពិភពលោក ជាមួយនឹងគម្រោងដែលកំពុងចាប់ផ្ដើមអនុវត្តនៅក្នុងទីតាំងមួយចំនួននៅទីក្រុង London (អង់គ្លេស), Los Angeles (អាម៉េរិក), អូស្ត្រាលី, កូរ៉េខាងត្បូង, បារាំង, អាល្លឺម៉ង់, តំបន់ Scandinavia (ដាណឺម៉ាក, ន័រវែស និង ស៊ុយអែត) និង អាស៊ីអាគ្នេយ៍ ផងដែរ៕