ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ UnionPay របស់ ចិន គេចចេញពីការរកស៊ីជាមួយបណ្ដាធនាគាររបស់ រុស្ស៊ី ព្រោះតែមិនចង់រងទណ្ឌកម្មពី បស្ចិមលោក ទាក់ទងនឹងបញ្ហានៅ អ៊ុយក្រែន។
នៅពេលដែល ចិន បន្តបដិសេធការចូលរួមធ្វើការដាក់ទណ្ឌកម្មទៅលើ រុស្ស៊ី ជាមួយក្រុមប្រទេសលោកខាងលិច បណ្ដាក្រុមហ៊ុនរបស់ ចិន ដូចជា China UnionPay ជាដើម នៅតែបារម្ភចំពោះបញ្ហាដែលថា ពួកគេនឹងអាចជាប់ទណ្ឌកម្ម។
ក្រុមហ៊ុនផ្ដល់សេវាប័ណ្ណធនាគារ UnionPay បានបដិសេធការរកស៊ីជាមួយ Sberbank (ធនាគារធំរបស់ រុស្ស៊ី) និងផ្អាកការចរចាជាមួយបណ្ដាស្ថាប័នហិរញ្ញវត្ថុដទៃទៀតដែលមានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់ប្រទេសនេះ។ ដូច្នេះ គម្រោងដាក់ឱ្យប្រើប្រាស់កាត UnionPay ថ្មីនៅ រុស្ស៊ី ក៏ត្រូវបង្ខំឱ្យលុបចោល។
គិតត្រឹមឆ្នាំ ២០២០ UnionPay កាន់កាប់ចំណកទីផ្សារប្រហែល ១% ប៉ុណ្ណោះ នៅ រុស្ស៊ី ប៉ុន្តែ ប័ណ្ណទូទាត់ប្រាក់របស់ពួកគេនៅទីផ្សារនេះបានកើនឡើង បន្ទាប់ពី Visa និង Mastercard បានផ្អាកសេវាកម្ម ដោយសារតែវិបត្តិនៅ អ៊ុយក្រែន។ ក៏ប៉ុន្តែ UnionPay មិនចង់ឆក់យកឱកាសដែលប្រកបដោយហានិភ័យនេះ ដើម្បីពង្រីកទីផ្សារឡើយ។
ក្រុមហ៊ុនចិន ជាង ៨០% នៅ រុស្ស៊ី នៅតែបន្តធ្វើសកម្មភាពជំនួញដូចធម្មតា នេះបើតាមស្ថិតិបានមកពី សាកលវិទ្យា Yale របស់ អាម៉េរិក។ ប្រការនេះគឺផ្ទុយទាំងស្រុងទៅនឹង ជប៉ុន អាម៉េរិក និង អាល្លឺម៉ង់ ដែលមានក្រុមហ៊ុនប្រហែល ៩០% បានចាកចេញ កាត់បន្ថយទំហំ ឬផ្អាកសកម្មភាពជំនួញនៅ រុស្ស៊ី។
ក៏ប៉ុន្តែ ក្រុមហ៊ុនចិន មួយចំនួន ក៏មានការប្រុងប្រយ័ត្ន។ ធនាគារចិន និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន បានកាត់បន្ថយសកម្មភាពទាក់ទិននឹងបណ្ដាទំនិញរបស់ រុស្ស៊ី។
«សហរដ្ឋអាម៉េរិក កំពុងបង្កើនការតាមដានបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុរបស់ ចិន ដែលចង់ជំរុញសកម្មភាពជំនួញនៅ រុស្ស៊ី» ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះរបស់ប្រទេសនេះបានប្រាប់ Nikkei ដូច្នេះ។ ការដែល ទីក្រុងវ៉ាស៊ីងតោន តឿនឱ្យ ទីក្រុងប៉េកាំង ផ្អាកផ្ដល់គាំទ្រដល់ ទីក្រុងមូស្គូ គឺមានន័យថា ពួកគេបានបញ្ជូនសញ្ញាព្រមានថា បណ្ដាក្រុមហ៊ុនចិន ដែលនៅតែរកស៊ី នៅ ប្រទេសរុស្ស៊ី នឹងមានហានិភ័យទទួលផលវិបាកផ្នែកសេដ្ឋកិច្ច។