ក្រុមមន្ត្រីនៅ ទីក្រុងប៉េកាំង នៃ ប្រទេសចិន ស្នើឱ្យប្រជាជនមិនហូបចុកក្នុងភោជនីយដ្ឋាននៅក្នុងថ្ងៃឈប់សម្រាក ទិវាពលកម្មអន្តរជាតិ ដែលអូសបន្លាយពេល ៤ ថ្ងៃ ក្នុងបំណងទប់ស្កាត់កូវីដ-១។
យោងតាមបទបញ្ជាថ្មីរបស់ ទីក្រុងប៉េកាំង បណ្ដាភោជនីយដ្ឋាននៅក្នុងរដ្ឋធានី អាចលក់ចំណីអាហារខ្ចប់ទៅផ្ទះ ចាប់ពីថ្ងៃទី ១ ឧសភា ដល់ដំណាច់ថ្ងៃទី ៤ ឧសភា។
អ្នកគ្រប់គ្រងភោជនីយដ្ឋានល្បីឈ្មោះមួយនៅភាគខាងកើតនៃ រដ្ឋធានីប៉េកាំង ឱ្យដឹងថា ស្ថានការណ៍កូវីដ-១៩ មានភាពតានតឹង និងសេវាកម្មត្រូវបានកាត់បន្ថយ នឹងធ្វើឱ្យអាជីវកម្មរបស់គាត់ខាតបង់ប្រហែលជាង ៣,០០០ ដុល្លារអាម៉េរិក ជារៀងរាល់ថ្ងៃ។
ចាប់ពីថ្ងៃទី ៥ ឧសភា ពលរដ្ឋក្រុងប៉េកាំង នឹងត្រូវបង្ហាញលិខិតបញ្ជាក់ពីការធ្វើតេស្ត PCR អវិជ្ជមាន ដែលអនុវត្តរយៈពេល ៧ ថ្ងៃ ដើម្បីអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ មុនពេលបានចូលការិយាល័យ ទីតាំងលេងកម្សាន្ត កីឡដ្ឋាន បន្ទប់ហាត់ប្រាណ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន បណ្ណាល័យ និងទីតាំងទេសចរណ៍។
ទីក្រុងប៉េកាំង ក៏ប្រកាសបើកដំណើរការមន្ទីរពេទ្យ Xiaotangshan ដែលជាមជ្ឈមណ្ឌលបណ្ដោះអាសន្ន ព្យាបាលជំងឺកូវីដ-១។ Xiaotangshan ដែលមានគ្រែចំនួន ១,២០០ បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ ចំនួន ១២ នាក់ កំពុងទទួលការព្យាបាល៕