Gautam Adani បានលោតឡើងទៅគ្រងតំណែងជាអ្នកមានជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១២៥ ពាន់លានដុល្លារអាម៉េរិក ច្រើនជាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway ទៅទៀត។ នេះបើតាមទំព័រ Bloomberg Billionaires Index ចេញផ្សាយកាលពីដើមសប្ដាហ៍នេះ។
មហាសេដ្ឋី Buffett ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway Inc បច្ចុប្បន្នមានទ្រព្យប្រមាណ ១២០ ពាន់លានដុល្លារអាម៉េរិក។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Adani បានកើន ៤៨ ពាន់លានដុល្លារ គិតចាប់ពីដើមឆ្នាំ ២០២២។ ចំណែកទ្រព្យរបស់លោក Buffett វិញ បានកើនឡើង ១១ ពាន់លានដុល្លារក្នុងឆ្នាំនេះ។
ទាំងលោក Buffett ទាំងលោក Adani សុទ្ធតែមិនទាន់ឆ្លើយបតនឹងសំណើសុំការអធិប្បាយ ទាក់ទងនឹងព័ត៌មានខាងលើនេះនៅឡើយ។
មហាសេដ្ឋី Adani គឺជាស្ថាបនិក និងជាប្រធានរបស់ Adani Group ដែលជាក្រុមហ៊ុនខ្នាតយក្ស រកស៊ីក្នុងវិស័យជាច្រើន ដូចជា ថាមពល រ៉ែ អចលនទ្រព្យ និងកសិកម្មជាដើម។
Adani Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៧ ដែលបានឡើងផ្សារហ៊ុន និងមានមូលធនទីផ្សារតម្លៃប្រមាណ ២២០ ពាន់លានដុល្លារអាម៉េរិក។
បច្ចុប្បន្ន លោក Adani ជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក បន្ទាប់ពី លោក Elon Musk នាយកប្រតិបត្តិ របស់ Tesla, លោក Bezos ស្ថាបនិករបស់ Amazon, លោក Bernard Arnault នាយកប្រតិបត្តិរបស់ LVMH និងលោក Bill Gates សហស្ថាបនិករបស់ Microsoft៕