ក្រុមអ្នកវិភាគទីផ្សារយល់ថា មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk ត្រូវការលក់ភាគហ៊ុនរបស់លោក ដើម្បីមានប្រាក់សម្រាប់ទិញបណ្ដាញសង្គម Twitter។
យោងតាមឯកសារដែលបញ្ជូនទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEO) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានលក់ភាគហ៊ុនប្រហែល ៤.៤ លានហ៊ុន ក្នុងអំឡុងថ្ងៃទី ២៦ និង ២៧ មេសា។ ចំនួនភាគហ៊ុននេះ មានតម្លៃប្រហែល ៤ ពាន់លានដុល្លារអាម៉េរិក។
នៅលើទំព័របណ្ដាញសង្គម Twitter មហាសេដ្ឋីរូបនេះប្រកាសថា «ថ្ងៃនេះ ពុំមានគម្រោងលក់ភាគហ៊ុន Tesla បន្ថែមទៀតឡើយ»។
ក្រុមអ្នកវិភាគនៅ Wall Street និងអ្នកវិនិយោគយល់ថា លោក Musk អាចនឹងត្រូវការលក់ភាគហ៊ុនដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញ Twitter ដែលលោកគិតថា អាចនឹងកែលម្អបញ្ហាសេរីភាពបញ្ចេញមតិនៅលើបញ្ដាញសង្គម។ មហាសេដ្ឋីលេខ ១ ក្នុងពិភពលោក និងបណ្ដាញសង្គម Twitter ដើមសប្ដាហ៍នេះ បានយល់ព្រមទិញដូរ Twitter ក្នុងតម្លៃប្រមាណ ៤៤ ពាន់លានដុល្លារអាម៉េរិក។
កាលពីសប្ដាហ៍មុន លោក Musk ប្រកាសថា បានធានាថាមានប្រាក់ ៤៦.៥ ពាន់លានដុល្លារ សម្រាប់ការទិញដូរនេះ ក្នុងនោះមាន ១៣ ពាន់លានដុល្លារជាកម្ចីពីធនាគារ, ២១ ពាន់លានដុល្លារជាប្រាក់ផ្ទាល់ខ្លួន និង ១២.៥ ពាន់លានដុល្លារជាប្រាក់កម្ចីដែលដាក់បញ្ចាំភាគហ៊ុន Tesla។
ចំណែកឯតម្លៃភាគហ៊ុនរបស់ Tesla នៅលើផ្សារមូលបត្រ វិញ កាលពីម្សិលមិញ ការជួញដូរត្រូវបានបញ្ចប់ក្នុងតម្លៃ ៤៩.១១ ដុល្លារ/ហ៊ុន ទាបជាងច្រើនដុល្លារ ធៀបនឹង ៥៤.២ ដុល្លារ/ហ៊ុន ដែលលោក Musk បានដាក់លក់៕