ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងគ្រាដែលការសាងសង់បានរួចរាល់ ១០០% ហើយ នេះបើតាមការបញ្ជាក់កាលពីព្រឹមមិញ របស់មន្ដ្រីជំនាញនៃ រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានថ្មើរជើងសន្ធរម៉ុក ត្រូវបានសាងសង់រំលងមហាវិថីធំៗ និងនៅលើចំណុចប្រសព្វផ្លូវបែកជា ៤ ដោយកាត់ទទឹង ផ្លូវម៉ៅសេទុង ២ ខ្សែ និងកាត់ទទឹង ផ្លូវកម្ពុជាក្រោម ២ ខ្សែ ដែលជាកន្លែងមមាញឹក ដោយអ្នកថ្មើរជើងឆ្លងកាត់ច្រើន ដូច្នេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវ ចំណេញពេលវេលា និងកាត់បន្តការកកស្ទះចរាចរណ៍ផងដែរ។
បច្ចុប្បន្ន មានស្ពានអាកាសថ្មើរជើងចំនួន ៤ កន្លែង ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុង រាជធានីភ្នំពេញ រួមមាន ២ កន្លែងនៅ តំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ, ១ កន្លែងនៅ តំបន់ភ្លើងស្តុបនាងគង្ហីង និង ១ កន្លែងទៀត នៅផ្សារដើមគរ។