ខ្ទង់ប្រាក់ពិន័យរហូតដល់ ១ ពាន់លានដុល្លារនេះ អនុវត្តចំពោះទាំងលោក Musk និងទាំងបណ្ដាញសង្គម Twitter បើសិនមួយក្នុងចំណោមភាគីទាំង ២ បញ្ឈប់កិច្ចព្រមព្រៀងទិញដូរនេះ។
យោងតាមឯកសារដែលបានបញ្ជូនឡើងទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) កាលពីថ្ងៃទី ២៦ មេសា Twitter នឹងត្រូវបង់ថ្លៃបញ្ចប់កិច្ចសន្យាចំនួន ១ ពាន់លានដុល្លារអាម៉េរិក ក្នុងករណីបញ្ឈប់កិច្ចព្រមព្រៀងលក់បណ្ដាញសង្គមនេះឱ្យ Elon Musk ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។ នាយកប្រតិបត្តិរបស់ Tesla ក៏នឹងត្រូវបង់ថ្លៃពិន័យដូចគ្នានេះផងដែរ បើសិនប្ដូរគំនិត។
ករណីដែលភាគីទាំង ២ ខាងលើ ត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យដ៏ច្រើននេះ រួមមាន «បើសិន Musk មិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញដូចបានចុះកិច្ចព្រមព្រៀង, Twitter ទទួលយកការស្នើទិញមួយផ្សេងទៀត ឬក្រុមភាគហ៊ុនិករបស់ Twitter បោះឆ្នោតបដិសេធសំណើ ទិញរបស់ Musk។ លោក Musk ដែលជា នាយកប្រតិបត្តិរបស់ Tesla និង SpaceX បច្ចុប្បន្នជាអ្នកមានទ្រព្យច្រើនជាងគេក្នុងពិភពលោក ដោយមានប្រាក់ ២៥២ ពាន់លានដុល្លារ នេះបើតាមទំព័របញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីប្រចាំថ្ងៃ Bloomberg Billionaires Index។
នៅពាក់កណ្ដាលខែនេះ មហាសេដ្ឋីអាម៉េរិក ដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk បានស្នើទិញ Twitter ក្នុងតម្លៃ ៥៤.២ ដុល្លារអាម៉េរិក/ហ៊ុន ដោយសាច់ប្រាក់សុទ្ធ។ កាលពីសប្ដាហ៍មុន Musk ប្រកាសថា មានប្រាក់គ្រប់គ្រាន់ដើម្បីទិញបណ្ដាញសង្គមនេះ។
បច្ចុប្បន្ន ការទិញដូរខាងលើ កំពុងដំណើរការរលូន ដែលនេះផ្ទុយទាំងស្រុងបើធៀបនឹងការព្រួយបារម្ភដំបូង។ ការទិញដូរបណ្ដាញសង្គមនេះក៏ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ Twitter យល់ព្រម ហើយវានឹងសម្រេចជាស្ថាពរក្នុងឆ្នាំនេះ បើសិនមិនមានឧបសគ្គពីក្រុមភាគហ៊ុនិក និងក្រុមមន្ត្រីរដ្ឋាភិបាល៕