ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) និង មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ ៣ ក្រុង ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ២៧ មេសានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការដាក់ឱ្យដំណើរការនូវ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និង មណ្ឌលផ្ដល់សេវាសាធារណៈ នៅក្រុងព្រះសីហនុ នេះ គឺជាមោទកភាពថ្មីមួយទៀតសម្រាប់ ខេត្តព្រះសីហនុ។ នេះបើតាម លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។
មណ្ឌលផ្តល់ សេវាសាធារណៈនៅផ្សារទំនើប (Furi Time Square Mall) នេះ នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវាដូចជា ការចុះបញ្ជីយានយន្ត, ផ្ទេរកម្មសិទ្ធិយានយន្ត, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និងធ្វើប័ណ្ណបើកបរយានយន្តបានលឿន មានប្រសិទ្ធភាព និងតម្លាភាព តាមរយៈការប្រើប្រាស់យន្តការបច្ចេកវិទ្យាទំនើប។
ចំណែក ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុង ខេត្តព្រះសីហនុ ដែលត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតឡើង មិនត្រឹមតែដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍បរិក្ខារ និងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី និងការជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីនៅ កម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងលើកមុខមាត់របស់ ខេត្តព្រះសីហនុ ផងដែរ។ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នេះ គឺមានការរួមចំណែកមួយរបស់ អង្គការ UNDP ដោយបានផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តចំនួន ៤ គ្រឿង សម្រាប់ដាក់តាមបណ្តារាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និង ខេត្តព្រះសីហនុ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការបើកឱ្យដំណើរការមណ្ឌលផ្ដល់សេវាសាធារណៈ និង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិ នៅផ្សារទំនើប FURI គឺដើម្បីផ្ដល់សេវា ឱ្យកៀកនឹងប្រជាពលរដ្ឋ។ លោកថា យើងជាមន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រ៕