ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១៧ ដល់ ២៨ វិច្ឆិកា ២០២២ បន្ទាប់ពីបានទទួលការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សជណ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី ២៥ មេសា ២០២២។
ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើសុំគោលការណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ។
កន្លងមក កម្ពុជា ធ្លាប់បានរៀបចំការប្រកួតកីឡាជាតិ តាមទម្រង់ហ្គេម ដោយជោគជ័យចំនួន ២ លើកមកហើយ ក្នុងនោះ លើកទី ១ កាលពីឆ្នាំ ២០១៦ និងលើកទី ២ កាលពីឆ្នាំ ២០១៨។ ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានធ្វើឡើងក្នុងគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃ ការប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលជាលើកដំបូងបង្អស់ត្រូវធ្វើឡើងនៅ កម្ពុជា។
ការប្រកួតកីឡាជាតិ លើកទី ៣ នឹងត្រូវរៀបចំការប្រកួតនៅទីលាន នៃ រាជធានី-ខេត្ត ចំនួន ៦ ក្នុងនោះ ក៏មាននៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ផងដែរ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។
ស្មារតីកិច្ចនៃប្រជុំមួយ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាពេលកន្លង ឱ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការ សរុបប្រមាណជា ៧,០០០ នាក់ នឹងត្រូវចូលរួមព្រឹត្តិការណ៍ដែលមានការប្រកួតកីឡាចំនួន ៣៩ ប្រភេទ និងកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ប្រភេទ នាចុងឆ្នាំនេះ។