ការធ្វើការងារស្ម័គ្រចិត្ត ជាការងារដែលគ្មានចំណូល តែការងារនេះជាទូទៅគេសង្កេតឃើញថាមានយុវជនមួយចំនួនធំចូលចិត្តធ្វើវា ខណៈមានយុវជនមួយចំនួនទៀតគិតថាការធ្វើការងារស្ម័គ្រចិត្តអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ហើយមិនគួរធ្វើវានោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សុធា ប្រធានផ្នែកបណ្តុះបណ្តាលធនធានមនុស្សនៃក្រុមហ៊ុន Forval (Cambodia) Co., Ltd បានលើកឡើងថា ការធ្វើការងារស្ម័គ្រចិត្តជាចំណុចអាទិភាពមួយដែលនិស្សិតគួរធ្វើព្រោះថា ភាពជានិស្សិតមិនមែនត្រូវធ្វើការងារយកមានបាននោះទេ តែត្រូវធ្វើការងារដើម្បីស្វែងរកបទពិសោធសម្រាប់ជីវិតសិក្សា និងការងារនៅថ្ងៃអនាគត។ នៅក្នុងដំណើរជីវិតត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនដែលមនុស្សម្នាក់ៗត្រូវប្រឈម និងមានភាពតស៊ូ ហើយជីវិតសិក្សា គ្រាន់តែជាដំណាក់កាលចាប់ផ្តើមតែប៉ុណ្ណោះ។
លោក សោម សុធា បាននិយាយថា៖ «អ្នកដែលគ្រាន់តែចែកពេលរៀន និងធ្វើការងារស្ម័គ្រចិត្ត ឱ្យប៉ះពាល់ដល់ខ្លួនឯងដែរជាមនុស្សអន់បំផុត ព្រោះពួកគេមិនអាចធ្វើបានសូម្បីតែរឿងតូចមួយក្នុងជីវិតសិក្សា។ តើពួកគេអាចនឹងប្រឈមមុខជាមួយនឹងបញ្ហាធំៗនៅថ្ងៃអនាគតយ៉ាងម៉េចនឹងកើត?»។
អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សខាងលើបានលើកឡើងផងដែរថា យុវជនគួរធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើន តែធ្វើឱ្យត្រូវនឹងអ្វីដែលយើងកំពុងរៀន ហើយកុំបារម្ភពីផលប៉ះពាល់ ព្រោះបើគ្រាន់តែរៀនសោះ ហើយឆ្លៀតធ្វើការងារស្ម័គ្រចិត្តឱ្យប៉ះពាល់ដល់ការសិក្សាដែរ អ្នកនោះមិនទាន់រាប់ថាខ្លាំងនោះទេ។ ការដែលសិក្សាផង និងធ្វើការងារស្ម័គ្រចិត្តក្នុងពេលតែមួយ គឺរាប់ថាយើងកំពុងធ្វើការងារតែ2 ប៉ុណ្ណោះ បើយើងធ្វើមិនកើត នោះវាបង្ហាញពីចំណុចមិនរឹងមាំរបស់យើង ព្រោះថានៅថ្ងៃអនាគត យើងត្រូវទទួលបន្ទុកច្រើនជាង 2 ហើយមានការងារ និងដំណាក់កាលតស៊ូជម្នះជាច្រើនផ្សេងទៀតដែលត្រូវធ្វើ។
បើតាមលោកសុធា លោកជំរុញឱ្យយុវជនកម្ពុជាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងតស៊ូជម្នះឧបសគ្គធំៗក្នុងជីវិតដោយខ្លួនឯង ដើម្បីត្រៀមខ្លួនឱ្យក្លាយជាធនធានមនុស្សដែលពោរពេញទៅដោយថាមពលសម្រាប់បម្រើការងារ ឬបង្កើតអាជីវកម្មប្រកបដោយសក្តានុពលនៅក្នុងសង្គម៕