សហគ្រិនភាពជាមុខវិជ្ជាដែលសិស្សនាពេលបច្ចុប្បន្នចាប់អារម្មណ៍ច្រើនបំផុត ហើយនាប៉ុន្មានឆ្នាំចុងក្រោយនេះមានសិស្សជាង 60% ចាប់ផ្តើមជ្រើសរើសមុខវិជ្ជាគ្រប់គ្រងដែលក្នុងនោះមាននិស្សិតមួយចំនួនបានសម្រេចគោលដៅរបស់ខ្លួនជាម្ចាស់អាជីវកម្ម និងមួយចំនួនផ្សេងទៀតបានចូលទៅធ្វើការឱ្យគេនៅតាមក្រុមហ៊ុន ឬសហគ្រាសនានា។
លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកក្រុមហ៊ុន Mengly J Qouch Group បានបង្ហាញថា តាមការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា អ្នករៀនផ្នែកពាណិជ្ជកម្មភាគតិចណាស់ដែលធ្វើជំនួញខ្លួនឯង តែពួកគេភាគច្រើនគឺធ្វើការ ឬគ្រប់គ្រងអាជីវកម្មឱ្យគេ។
លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ «បើចង់រកស៊ី ត្រូវរៀនអ្វីដែលថ្មីជាងគេ ហើយមិនទាន់មាននៅស្រុកខ្មែរ មិនមែនរៀនតែគ្រប់គ្រងនោះទេ។ ម្យ៉ាងវិញទៀត អ្នកដែលជំនាញលើផ្នែកអ្វីមួយទើបអាចបង្កើតផលិតផលថ្មីមួយសម្រាប់រកស៊ីបាន ហេតុនេះសូមព្យាយាមចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់មុននឹងចេញមករកស៊ី»។
សហគ្រិនល្បីឈ្មោះខាងលើបានលើកឡើងផងដែរថា ជាឧទាហរណ៍ នៅជុំវិញខ្លួនយើង យើងឃើញថាទឹកសុទ្ធដែលយើងទទួលទាន រួមទាំងរបស់របរទាំងអស់ទៀតកើតចេញពីអ្នកជំនាញ ហេតុនេះបើគ្មានជំនាញ ក៏គ្មានអ្វីដែលត្រូវរកស៊ីដែរ។ បើមិនសិក្សាពីជីវវិទ្យា ហើយគ្មានអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រក៏គ្មានផលិតផលដើម្បីដោះស្រាយបញ្ហារបស់យើងបានដែរ។ ហេតុនេះបើចង់រកស៊ី ត្រូវបង្កើនចំណេះដឹងខ្លួនឯងឱ្យច្បាស់ ហើយបង្កើតអ្វីមួយឱ្យបាន បន្ទាប់មកយកវាធ្វើជាផលិតផលសម្រាប់រកស៊ីដែលប្លែក និងប្រកបដោយភាពច្នៃប្រឌិត៕