ប្រទេសរុស្ស៊ី ទើបតែបានអំពាវនាវឱ្យបណ្ដាប្រទេសជាដៃគូសហការពាណិជ្ជកម្មរបស់ខ្លួន បោះបង់ប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ ដោយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក នៅក្នុងការដោះដូរពាណិជ្ជកម្ម។
យោងតាមសារព័ត៌មាន TASS នៅក្នុងវេទិកាអន្តរជាតិមួយកាលពីថ្ងៃទី ២៥ មេសា រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី Denis Manturov ប្រកាសថា ទីក្រុងមូស្គូ ចង់ជំរុញការជួញដូរដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាមួយនឹងបណ្ដាប្រទេស BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិកខាងត្បូង), SCO (អង្គការសហការទីក្រុងសៀងហៃ) និង EAEU (សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប)។
កាលពីឆ្នាំ ២០២១ ការដោះដូរពាណិជ្ជកម្មរបស់ រុស្ស៊ី ជាមួយនឹងសមាជិក EAEU, BRICS និង SCO បានកើនឡើងដល់ ៣៨% ហើយកិច្ចព្រមព្រៀងសហការរបស់សម្ព័ន្ធភាពនេះ កំពុងក្ដោបក្ដាប់ប្រហែលពាក់កណ្ដាលនៃចរន្តសេដ្ឋកិច្ចទូទាំងពិភពលោក នេះបើតាម លោក Denis Manturov។
លោកបញ្ជាក់ថា ស្ថានភាពវិបត្តិអតិផរណានៅ ទ្វីបអឺរ៉ុប និង អាម៉េរិក រួមនឹងផលប៉ះពាល់របស់វិបត្តិនេះចំពោះវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច បានបង្ហាញថា ចាំបាច់ត្រូវតែរើខ្លួនចេញពីប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ ឆ្ពោះទៅប្រើប្រាស់រូបិយវត្ថុក្នុងស្រុកនៅក្នុងការដោះដូរពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសជាសមាជិក (របស់ EAEU, BRICS និង SCO )។
បញ្ហាខាងលើត្រូវបានលើកឡើងក្រោយពី ប្រធានាធិបតីរុស្ស៊ី លោក ពូទីន កាលពីថ្ងៃទី ២៥ មេសា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ រុស្ស៊ី បានប្រែមកជាមានស្ថិរភាពវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារទណ្ឌកម្មដែលមិនធ្លាប់មានពីមុន ទាក់ទងនឹងសង្គ្រាមនៅ អ៊ុយក្រែន។