ភ្នំពេញៈ ការធ្វើដំណើរទៅកាន់ស្រុកកំណើត និងដើរកម្សាន្តទៅតាមបណ្តាខេត្តរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងក្លាយជាផ្នែកមួយជួយធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លីកើនឡើង។
អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី18 កញ្ញានេះថា អ្វីជាកត្តាចម្បង គឺសន្តិសុខដែលនាំឲ្យមានស្ថិរភាពនយោបាយ ស្ថិរភាពនយោបាយជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ជាក់ស្តែងនៅឆ្នាំនេះយើងឃើញថា ប្រជាពលរដ្ឋកម្ពុជាបានចេញដើរកម្សាន្តក្នុងស្រុក និងក្រៅប្រទេសច្រើនជាងមុនខ្លាំង។ លោកបន្តថា ក្រៅពីដើរកម្សាន្តហើយ ប្រជាពលរដ្ឋក៏គិតពីការវិនិយោគដែរដោយសារប្រាក់ចំណូលរបស់ពួកគេកើនឡើង ហេតុនេះពួកគេសម្លឹងរកមើលអចលនទ្រព្យសម្រាប់កូនចៅរបស់ពួកគេ ហើយអ្នករៀបការថ្មីថ្មោងក៏គិតពីជម្រករបស់ពួកគេដែរ។
លោកបន្តថា “ការដើរកម្សាន្តនៅរដូវបុណ្យភ្ជុំក៏ជាផ្នែកមួយធ្វើឲ្យចរន្តដីធ្លីកើនឡើងដែរ ប៉ុន្តែកម្លាំងចលករសំខាន់បំផុត គឺកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល ព្រមទាំងលំហូរការវិនិយោគផ្ទាល់ពីបរទេសទៅវិញទេដែលធ្វើឲ្យចរន្តទិញលក់ដីធ្លីកើនឡើង និងធ្វើឲ្យតម្លៃដីកើនឡើង។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងផងដែរថា ការចេញពីរាជធានីភ្នំពេញរបស់ប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្ត និងដើរកម្សាន្តទៅកាន់រមណីយដ្ឋាននានាអាចធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លីកើនឡើង ព្រោះអ្នកទៅពីរាជធានីភ្នំពេញ អាចចំណាយប្រាក់ចន្លោះពី5ពាន់ទៅ1ម៉ឺនដុល្លាររកទិញដីល្អបាន ផ្ទុយទៅវិញបើចំណាយលុយប៉ុណ្ណឹងនៅរាជធានីភ្នំពេញ គឺមិនអាចទិញអ្វីបាននោះទេ។
លោកបន្តថា “អ្នកខ្លះមានប្រាក់ពួកគេក៏ចាប់អារម្មណ៍ទិញដីទុកនៅស្រុកកំណើតរបស់ខ្លួន ទុកធ្វើអ្វីមួយនាពេលអនាគត ឬដាំដំណាំផ្សេងៗដែលធ្វើឲ្យចរន្តទិញលក់ដីធ្លីកើនឡើងជាស្វ័យប្រវត្តិ។
ទោះជាយ៉ាងណាលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong មិនសូវមានសុទិដ្ឋិនិយមខ្ពស់ឡើយ ដោយលោកបានលើកឡើងថា នេះជាពិធីបុណ្យប្រពៃណីជាតិដែលមានការជួបជុំបងប្អូនសាច់ញាតិជាធម្មតា ដែលមិនធ្វើឲ្យមានការប្រែប្រួលណាមួយជាដុំកំភួនក្នុងចរន្តនៃការដោះដូរដីធ្លីនោះទេ ព្រោះពេលភ្ជុំជាពេលសប្បាយរីករាយច្រើនជាង ប៉ុន្តែចរន្តនៃការទិញដូរអាចកើតឡើងក្រោយពិធីបុណ្យនេះបញ្ចប់។
លោកបន្តថា “សម្រាប់ខ្ញុំយល់ថា វាមិនមានអ្វីកើនឡើងជាដុំកំភួននោះទេក្នុងចរន្តនៃការទិញលក់ ឬដោះដូរអចលនទ្រព្យដទៃទៀត៕