បន្ទាប់ពីផ្ទុះនូវការរិះគន់ឌឺដងផ្លែផ្កាពាក្យសម្ដីឱ្យគ្នាតាមរយៈចម្រៀងរ៉េប ដែលបានធ្វើឱ្យកក្រើកបណ្ដាញសង្គម Facebook ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ មានតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសពីរដួងហើយដែលបានចេញបទចម្រៀងរ៉េបឌឺដងដាក់គ្នាទៅកាន់ ក្មេងខ្មែរ និង ខ្មែរមួយជីវិត គឺលោក G-Devith និង Vid Cooler តែថ្មីៗនេះ ស្រាប់តែ លោក Step តារាចម្រៀងដែលជាដៃគូអ្នកនាង ពេជ្រ សោភា បានចេញមួយបទដែរ ក្នុងគោលបំណងបង្រួបបង្រួមគ្នាតាមរយៈបទបែកស្លុយទៅវិញ។
មានមហាជនជាច្រើនដែលបានស្ដាប់បទរបស់លោក Step “ធ្វើចឹងធ្វើអី?” រួចហើយ បានចូលទៅរិះគន់ចំៗថា កំពូលភ្លាវ! ឡើងវ៉ល់! និងចម្រៀងស្ដាប់មិនយល់! ជាដើម។ នៅក្នុងនោះដែរ អ្នករិះគន់ម្នាក់បានសរសេរថា ” ម៉េចបានអ៊ីចឹង? ពេលបងច្រៀងចេញមក បងមានបានស្ដាប់ចម្រៀងបងអត់?! ចម្រៀងស្អីគេហ្នឹង?! ចង់និយាយពីអាគុយម៉ាកអី? និយាយស្ដាប់គ្មានចូលត្រចៀកបន្តិចសោះ! កំពុងតែស្រឡាញ់ព្រោះគិតថា ជាអ្នកចេះដឹង តែឥឡូវនេះចាប់ផ្ដើមស្អប់បាត់ទៅហើយ មិនគួរបងយករឿងអ៊ីចឹងមកដាក់ខ្លួនសោះ ចេញមកភ្លាវតែឯងអ៊ីចឹងបង!!” នេះបើតាមការសម្រួលសម្ដីរបស់អ្នករិះគន់ឈ្មោះ លីនដា លីនដា។
គួរបញ្ជាក់ផងដែរថា ការចេញភ្លេង 3 ស្ទីលក្នុងបទចម្រៀងតែមួយៗនេះ បានធ្វើឱ្យមហាជនជាអ្នកគាំទ្ររបស់លោក Step មិនពេញចិត្តចំពោះទង្វើដែលយកខ្លួនទៅពាក់ព័ន្ធរឿងតិះដៀលគ្នាពេញបណ្ដាញ Facebook មួយនេះឡើយ ៕