ភ្នំពេញ – ខណៈដែលថៃ និងកម្ពុជាមានគម្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ 15,000លានដុលា្លរអាមេរិកក្នុងឆ្នាំ 2020ខាងមុខនោះ ថ្មីៗនេះភាគីទាំងពីរក៏បានគ្រោងនឹងបើកច្រកព្រំដែនអន្ដរជាតិចំនួន4បន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងដំណើរការផ្សេងៗ ខណៈគេមើលឃើញថា ច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែតចាប់ផ្ដើមមានការកកស្ទះ។
ឯកឧត្ដម Nuthavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបើកច្រកព្រំដែនបន្ថែមទាំងបួននេះនឹងធ្វើឡើងដើម្បីជួយសម្រួលដល់ដំណើរការធ្វើពាណិជ្ជកម្មទ្វេភាគី និងជួយសម្រួលដល់ដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរក្នុងការចេញចូលឆ្លងកាត់ទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្ដមបញ្ជាក់ថា ដោយសារតែកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្ដបន្ទាប់ និងដើម្បីជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអាចដើរទៅដល់ផែនការទើបធ្វើឱ្យមានការឈានទៅបើកច្រកព្រំដែនអន្ដរជាតិទាំងបួនបន្ថែមទៀតដើម្បីជួយសម្រួលដល់កិច្ចការទាំងនោះ។
គួរបញ្ជាក់ថា ច្រកព្រំដែនអន្ដរជាតិទាំងបួនដែលគ្រោងនឹងបើកដំណើរការក្នុងរយៈពេលណាមួយខាងមុខទៀតនោះមានដូចជា៖
ទី1 ច្រកអានសេះ ខេត្ដព្រះវិហារ ជាប់ច្រកអានម៉ា ស្ថិតខេត្ដកាន់វ័នឡាសុថានី។
ទី2 ច្រកជប់គគី ខេត្ដឧត្ដរមានជ័យ ជាប់ច្រកសែទូគោ ខេត្ដប៊ុរីរ៉ាំ។
ទី3 ច្រកភ្នំដី ខេត្ដបាត់ដំបង ជាប់ច្រកខៅឌីន ខេត្ដស្រះកែវ ។
ទី4 ច្រកថ្មដា ខេត្ដពោធិសាត់ ជាប់ច្រក ថាសេន ខេត្ដស្រះកែវ៕