បច្ចុប្បន្ន មូលធនទីផ្សារ (market capitalization) របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla មានតម្លៃរហូតដល់ជាង ១លានលាន (១,០០០,០០០,០០០,០០០ ឬ ១ ទ្រីលាន) ដុល្លារអាម៉េរិក ខ្ពស់ជាង ៣ ដង ធៀបនឹងក្រុមហ៊ុន Toyota។
បើទោះជាមានការប្រែប្រួលឡើង-ចុះច្រើន នាពេលថ្មីៗនេះ ប៉ុន្តែ តម្លៃភាគហ៊ុនរបស់ Tesla បានលោតឡើងខ្ពស់ ក្នុងល្បឿនយ៉ាងលឿនពេញមួយឆ្នាំ ២០២១ និងក្លាយជាអ្នកផលិតរថយន្តមានតម្លៃខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក ជាមួយនឹងតម្លៃមូលធនទីផ្សារឡើងដល់ជាង ១ ទ្រីលានដុល្លារអាម៉េរិក។ តួលេខនេះខ្ពស់ជាងជិត ៣ ដង ធៀបនឹងតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត Toyota និងក្ដោបក្ដោបចំណែកទីផ្សាររហូតដល់ ៣៥% ធៀបនឹងតម្លៃមូលធនទីផ្សារសរុបរបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តផ្សេងៗនៅទូទាំងសកលលោក។
ភាគហ៊ុនរបស់ Tesla គួរតែមានតម្លៃដូច្នេះ ឬអត់? ជាទូទៅ ករណីដែលតម្លៃភាគហ៊ុនកើនឡើងត្រង់ទៅលើដូច្នេះ គឺតែងតែមានអត្រាកំណើនខ្ពស់ខ្លាំងជាច្រើនឆ្នាំ រួមជាមួយនឹងអត្រាប្រាក់ចំណេញលើរថយន្តនីមួយៗ ខ្ពស់ជាងឆ្ងាយធៀបនឹងក្រុមហ៊ុនដទៃ។ ក៏ប៉ុន្តែ ចំពោះ Tesla វិញ អត្រា P/E (តម្លៃភាគហ៊ុន/ចំណូល) កំពុងស្ថិតនៅក្នុងកម្រិត ២០៥.៨ នេះបើតាមការគណនាប៉ាន់ស្មានស្ដីពីលទ្ធផលជំនួញឆ្នាំ ២០២២។ ចំណែក Toyota ដែលមានលទ្ធផលជំនួញល្អបំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តបុរាណ មានអត្រា P/E ត្រឹមតែ ៩.៩៨ ប៉ុណ្ណោះ។
កាលពីឆ្នាំ ២០២១ ក្នុងកម្មវិធី Fast Money របស់ CNBC Adam Jonas ដែលជាអ្នកវិភាគ និងជាភ្ញៀវអញ្ជើញមកពី Morgan Stanley បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនចំពោះភាគហ៊ុន Tesla ដែលការបកស្រាយរបស់គាត់ ពិតជាធ្វើឱ្យយើង «ភ្លឺភ្នែក»។ អ្នកវិភាគរូបនេះនិយាយថា កម្រិតខ្ពស់នៃតម្លៃរបស់ Tesla មិនស្ថិតនៅលើលទ្ធផលជំនួញនាបច្ចុប្បន្ននោះទេ ប៉ុន្តែវាស្ថិតនៅត្រង់ការរំពឹងទុករបស់ទីផ្សារ ស្ដីពីអនាគតធំធេងរបស់ក្រុមហ៊ុននេះ ក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
Jonas បានព្យាករថា តម្លៃភាគហ៊ុនរបស់ Tesla ក្នុងឆ្នាំ ២០៣០ នឹងឡើងដល់ ១,០១៥ ដុល្លារ/ហ៊ុន គ្រាដែល Tesla អាចនឹងផលិតរថយន្តអគ្គិសនីបាន ៥.៨ លានគ្រឿងក្នុងឆ្នាំនោះ។
បច្ចុប្បន្ន បើទោះបរិមាណរថយន្តរបស់ Tesla មិនទាន់ឡើងដល់កម្រិតដែល Jonas បានព្យាករក៏ពិតមែន ប៉ុន្តែ តម្លៃភាគហ៊ុនរបស់ Tesla បានឡើងដល់ ១,០០៨.៧ ដុល្លារ/ហ៊ុនរួចទៅហើយ៕