កាលពីថ្ងៃទី ២០ មេសា ប្រទេសវ៉េណេស៊ុយអេឡា បង្កើតបានកំណត់ត្រាថ្មីមួយទៀតស្ដីពី «នំសូកូឡាវែងជាងគេបង្អស់ក្នុងពិភពលោក» ដែលទីតាំងនៃកំណត់ត្រានេះស្ថិតនៅក្នុងស្រុក Caripito រដ្ឋ Monagas ភាគឦសានប្រទេស។
ប្រកាសរបស់មូលនិធិ Fundatierra ដែលជាស្ថាប័នឧបត្ថម្ភ និងបង្កើតកំណត់ត្រាខាងលើ ឱ្យដឹងថា អង្គការ Guinness បានចេញលិខិតទទួលស្គាល់ឯតទគ្គកម្ម ដោយនំសូកូឡាចំនួន ៤,២៨៩ បន្ទះ ត្រូវបានតម្រៀបជាប់គ្នាប្រវែង ៨៥៤ ម៉ែត្រ ចាប់ផ្ដើមពីបូជនីយដ្ឋាន Simon Bolivar រហូតដល់រូបសំណាកព្រះយេស៊ូ គ្រីស្ត នៅតាមបណ្ដោយមហាវិថី Nueva Jerusalen របស់ Caripito។
មនុស្សសរុបចំនួន ៦០៧ នាក់ បានចូលរួមក្នុងការតម្រៀបបន្ទះនំសូកូឡាទៅលើទីតាំងដែលបង្កើតបានជាកំណត់ត្រា កាលពីថ្ងៃទី ១៩ មេសា។ អង្គការ Guinness ក៏បានបង្ហោះសារអបអរសាទរចំពោះ វ៉េណេស៊ុយអេឡា សម្រាប់ឯតទគ្គកម្មនេះផងដែរ។
បច្ចុប្បន្ន Fundatierra និង Caripito កំពុងកាន់កាប់ឯតទគ្គកម្មពិភពលោក Guinness ចំនួន ៣ ផ្សេងទៀត ដែលសុទ្ធតែទាក់ទងនឹងនំសូកូឡា រួមមាន ប្រាក់សូកូឡាធំបំផុត ទម្ងន់ ៨៧៤ គីឡូក្រាម និងអង្កត់ផ្ចិត ២.៤ ម៉ែត្រ កម្រាស់ ២០ ស.ម (ឆ្នាំ ២០១៥), ពិធីភ្លក់នំសូកូឡាដែលមានមនុស្សចូលរួមច្រើនបំផុត (ឆ្នាំ ២០១៦) ដោយមានមនុស្ស ៦០០ នាក់ និងរូបភាពបន្តុបដោយនំសូកូឡាធំជាងគេបំផុត ប្រវែងជិត ១៩ ម៉ែត្រ (២០១៧)៕