ក្រុមប្រជុំដោយកីឡាករវ័យក្មេង Monaco នឹងសម្លឹងរកការបង្ហាញពីទម្រង់លេងឲ្យល្អ ហើយពួកគេនឹងដាក់ការជឿជាក់ទៅលើខ្សែប្រយុទ្ធ Radamel Falcao ក្នុងការទម្លុះតំបន់ការពារដ៏រឹងមាំរបស់ក្រុមសេះបង្កង់ Juventus ក្នុងពេលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីនេះ។
ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ នឹងទទួលតួនាទីជាប្រធានក្រុមពេល Monaco ជួបជាមួយនឹងក្រុមយក្សរបស់អ៊ីតាលី ដែលមានតារាឆ្នើម Gonzalo Higuain ក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ ក្នុងការប្រកួតនាកីឡដ្ឋាន Stade Louis II។ Monaco បានទទួលការកោតសរសើរយ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អជាមួយនឹងក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់ពួកគេ ស្របពេលតារាឆ្នើមៗដូចជា Kylian Mbappe, Bernardo Silva និង Thomas Lemar នឹងក្លាយជាគោលដៅរបស់ក្លិបធំៗនៅអឺរ៉ុប នារដូវក្តៅខាងមុខ។ ពួកគេបានរកគ្រាប់បាល់បញ្ចូលទីជិត១៥០គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ និងបានធ្វើឲ្យពួកគេផ្ទាល់ស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះពានរបស់បារាំង។
Monaco បានស៊ុតបាល់បញ្ចូលទីយ៉ាងហោចណាស់៣គ្រាប់ក្នុងមួយប្រកួត ក្នុងរាល់ការប្រកួតវគ្គចាញ់ធ្លាក់ទាំង ៤ប្រកួតមកទល់ពេលនេះ ក្នុងនោះរាប់បញ្ចូលទាំងការផ្តួលក្រុម Manchester City របស់លោក Pep Guardiola និងក្រុម Borussia Dortmund ផងដែរ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ២០០៤។ លោក Vadim Vasilyev ប្រធានក្លិប Monaco បានប្រាប់ស្ថានីយទូរទស្សន៍របស់បារាំង TF1 ថា៖ «ខ្ញុំតែងតែជឿជាក់ទៅលើ Radamel ហើយតាំងពីចាប់ផ្តើមរដូវកាលនេះ ខ្ញុំបាននិយាយរួចជាស្រេចថា រូបគេនឹងវិលទៅកាន់ទម្រង់លេងដ៏ល្អបំផុតរបស់គេវិញ។ គ្មាននរណាម្នាក់គិតបែបនោះឡើយ ប៉ុន្តែ បច្ចុប្បន្ន យើងបង្ហាញឲ្យឃើញរួចជាស្រេច»។ ក្រុម Monaco បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម Toulouse ៣-១ ក្នុងការប្រកួត Ligue 1 កាលពីថ្ងៃសុក្រ កន្លងទៅ។ ស្របពេលជាមួយគ្នានេះ Juventus ដែលជាក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំ២០១៥ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Atalanta ក្នុងការប្រកួតក្របខ័ណ្ឌ Serie A ក្រោយពីរបូតគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភពពី៖ Eurosports