អ្នកស្រី Alphonsine Ciza ចំណាយពេលទាំងថ្ងៃទាំងយប់ ដោយពាក្យស្បែកជើងកវែង មួកការពារសុវត្ថិភាព ដើម្បីគ្រប់គ្រងរោងចក្រវារីអគ្គិសនីដ៏តូចមួយដែលអ្នកស្រីបានកសាងឡើង ក្នុងបំណងដោះស្រាយបញ្ហាដាច់ភ្លើងនៅក្នុងទីរួមស្រុក Miti នៅ ប្រទេសកុងហ្គោ។
សារព័ត៌មាន Reuters របស់ អង់គ្លេស ឱ្យដឹងថា អ្នកស្រី Alphonsine Ciza ធ្វើការជាមួយក្រុមដូនជី និងវិស្វករ ដើម្បីគ្រប់គ្រងរោងចក្រវារីអគ្គិសនីតូចមួយដែលដំណើរការដោយពឹងទៅលើបឹងមួយក្បែរនោះ។
រោងចក្រនេះផ្គត់ផ្គង់អគ្គិសនីដោយមិនគិតថ្លៃសម្រាប់វិហារមួយ, កន្លែងស្នាក់នៅរបស់បុព្វជិតមួយ, សាលារៀនពីរកន្លែង និងមន្ទីរពេទ្យតូចមួយ។ មិនមានរោងចក្រនេះទេ ប្រជាជនក្នុងទីរួមស្រុកប្រមាណ ៣០០,០០០ នាក់ នឹងមានអគ្គិសនីប្រើប្រាស់តែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងរយៈពេលពី ២ ទៅ ៣ ថ្ងៃ ក្នុង ១ សប្ដាហ៍។
បញ្ហាដាច់ភ្លើងអគ្គិសនីកើនឡើងជាញឹកញាប់នៅ កុងហ្គោ ដែលជាប្រទេសមួយមានប្រជាជន ៩០ លាននាក់ នៅ អាហ្វ្រិកកណ្ដាល។ ប្រភពផ្គត់ផ្គង់អគ្គិសនីចម្បងរបស់ប្រទេសនេះគឺប្រព័ន្ធវារីអគ្គិសនីដែល «ជិតអស់ថាមពល» និងការគ្រប់គ្រងមិនបានល្អ។
រដ្ឋាភិបាលកុងហ្គោ បាន និងកំពុងធ្វើការជាមួយដៃគូបរទេស ដើម្បីបង្កើនផលិតភាព។ ក៏ប៉ុន្តែ មានការរិះគន់ថា គម្រោងវារីអគ្គិសនីថ្មីនានា ផ្ដោតទៅលើតែការផ្គត់ផ្គង់ថាមពលដល់បណ្ដាអណ្ដូងរ៉ែ និងនាំចេញទៅកាន់ប្រទេសជិតខាង។
យោងតាមធនាគារពិភពលោក (WB) បច្ចុប្បន្ន នៅ កុងហ្គោ ប្រជាជនប្រមាណ ២០% ប៉ុណ្ណោះ បានប្រើប្រាស់អគ្គិសនី។ ដោយសារតែហត់នឿយនឹងការអុជទៀន និងបញ្ឆេះម៉ាស៊ីនភ្លើង បព្វជិត Ciza ក៏បានចាប់ផ្ដើមរៃអង្គាសថវិកាកាលពីឆ្នាំ ២០១៥ ដើម្បីសាងសង់រោងចក្រវារីអគ្គិសនី។
ក្រោយរយៈបេល ៣ ឆ្នាំ ដូនជី Ciza ក៏រៃអង្គាសបាន ២៩៧,០០០ ដុល្លារអាម៉េរិក និងសាងសង់រោងចក្រវារីអគ្គិសនីតូចមួយដែលផលិតបានពី ០.០៥ ដល់ ១ គីឡូវ៉ាត់។
ដោយសារការប្រឹងប្រែងរបស់ដូនជី Ciza សិស្សនៅសាលាអនុវិទ្យាល័យ Maendeleo នៃទីរួមស្រុក Miti អាចរៀនជំនាញកុំព្យូទ័រពីអេក្រង់ពិត ជំនួសឱ្យសៀវភៅ។
នាយកសាសា Mweze Nsimire Gilberte ថ្លែងថា «កាលពីមុន មានអគ្គិសនីតែនៅពេលយប់ នៅពេលសិស្សបានចេញពីសាលា។ ការដែលមានអគ្គិសនីប្រើប្រាស់ដូច្នេះ ពិតជាធ្វើឱ្យយើងបានធូរស្រាលក្នុងចិត្ត»៕