បន្ទាប់ពីចេញបទ «មន្ដគាថាស្នេហ៍» ទទួលបានការគាំទ្រមក ថ្មីៗនេះតារាសម្ដែងក្បាច់គុន សុខ ដែន បានចេញបទថ្មីមួយទៀតមានចំណងជើងថា «ខ្យល់បក់ដីហុយ»។
លោក សុខ ដែន បញ្ជាក់ថា ដំបូងឡើយលោកចង់ធ្វើបទ «មន្ដគាថាស្នេហ៍» ឡើងគ្រាន់តែចង់សាកល្បងមើលពីចំណាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះ ខណៈដែលលោកកំពុងតែចង់វិវឌ្ឍខ្លួនទៅជាតារាចម្រៀងមួយទៀតក្រៅពីអាជីពសម្ដែង និងបង្ហាត់កីឡាហើយនោះ។ ក្រោយពីមើលឃើញបទទីមួយមានការគាំទ្រពីមហាជន ទើបលោកមានគំនិតធ្វើបទមួយទៀតមានចំណងជើងថា «ខ្យល់បក់ដីហុយ»។
តារាសម្ដែងក្បាច់គុនរូបនេះបញ្ជាក់ថា បច្ចុប្បន្នបទថ្មីនេះមានការគាំទ្រខ្លាំងជាងបទមុន ព្រោះជាបទទី2ដែលលោកបានផលិតឡើងក្រោយពីទទួលបានបទពិសោធច្រើន និងទទួលការរិះគន់ស្ថាបនាពីអ្នកជំនាញផលិតបទចម្រៀងមួយចំនួនទើបធ្វើឱ្យស្នាដៃទីពីររបស់លោកកាន់តែមានគុណភាព។
សុខ ដែន បញ្ជាក់ប្រាប់ថា ទោះបីជាបទលោកមិនទាន់ល្អគ្រប់ជ្រុងជ្រោយក៏ដោយ តែប្រសិនបើនៅតែមានការគាំទ្រពីមហាជនលោកនឹងប្រឹងប្រែងរកគំនិតថ្មីៗ និងអភិវឌ្ឍខ្លួនឱ្យកាន់តែល្អឡើងៗលើវិស័យចម្រៀងនេះ៕